(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះបានទម្លាយថា នាថ្មីៗនេះមានការធ្លាយចេញនូវឃ្លីបវិដេអូថ្មីមួយទៀត ដែលបង្ហាញថា លោក សម រង្ស៊ី កាលពីឆ្នាំ២០១១ បានអំពាវនាវឱ្យមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ហើយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បង្វែរកាណុងមកកាន់រដ្ឋាភិបាលកម្ពុជា ដែលការអំពាវនាវនេះ បានផ្សារភ្ជាប់ទៅនឹងការ លើកឡើង របស់លោក កឹម សុខា នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «មួយទៀតអំពីការអំពាវនាវឱ្យកងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញ​មក ដើម្បីនឹងបង្វែរ កាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នា ជាមួយនឹង ការនិយាយនៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក គេបាននិយាយថា របបហ៊ុនសែន ជិតដួលរលំហើយ ការបះបោរ យើងត្រូវការរៀបចំការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ផ្តួលរំលំរបបផ្តាច់ការហ៊ុនសែន»

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការធ្លាយចេញនូវវីដេអូមួយរបស់លោក សម រង្ស៊ី ដែលនិយាយ នៅក្នុងវេទិកា សាធារណៈនៅក្រៅប្រទេស កាលពីឆ្នាំ២០១១ ដោយអំពាវនាវឱ្យប្រជារាស្រ្តខ្មែរ រួមទាំងកងកម្លាំងប្រដាប់អាវុធ រួមគ្នាទម្លាក់ សម្តេចតេជោ ហ៊ុន សែន ចេញពីតំណែង។

ថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយកម្មករ នៅតាមបណ្តោយផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយការបោះឆ្នោត កាលពីឆ្នាំ២០១៣ គណបក្សប្រឆាំង បានប្រើប្រាក់ពាក្យស្លោកដែលមិនអាចទទួលយកបាន គឺ «ហ៊ុន សែន អើយចុះចេញទៅ»។ សម្តេចបានចាត់ទុកថា នេះជាទង្វើកុប្បកម្ម ផ្តួលរំលំរាជរដ្ឋាភិបាល ក្បត់នឹងឆន្ទៈប្រជារាស្រ្ត។ សម្តេចថ្លែងថា៖ «កន្លងទៅ ហ៊ុន សែន អើយចុះចេញទៅ ហើយបង្កើតចលនា ដែលធ្វើឱ្យមានការស្លាប់មនុស្ស នៅផ្លូវវេងស្រេង គឺវាជាអ្វី? តើនេះជាទង្វើគោរពឆន្ទៈរាស្រ្ត ឬក៏ជាទង្វើកុប្បកម្មផ្តួលរំលំ ហើយការបង្គាប់បញ្ជារបស់បរទេស ដើម្បីបង្កើតសង្រ្គាមឡើងវិញនៅកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការចាប់ខ្លួនលោក កឹម សុខ គឺហាក់ដូចជាការបន្លាយខ្សែវែង ដើម្បីស្ទូចត្រីធំ ហើយពេលនេះទង្វើរបស់ លោក កឹម សុខា គឺធ្វើជាប្រព័ន្ធ មិនមែនម្នាក់ឯងទេ។ សម្តេចបានបញ្ជាក់បែបនេះថា៖ «សួរថា ចុះនិយាយតាំងពីមុន ហេតុអ្វីទើបនឹងចាប់ពេលក្រោយ? បញ្ហាគឺនៅត្រង់ថា ស៊ីសង្វាក់គ្នាឬអត់? តែប៉ុណ្ណឹងទេ ដល់ពេលដែលវាស៊ីសង្វាក់គ្នាហើយ មិនមែនតែបុគ្គលម្នាក់ទេ វាជាបក្សទាំងមូលដែលចាំបាច់ ត្រូវតែរំលាយ ដោយតុលាការ ក៏ប៉ុន្តែនេះជាសមត្ថកិច្ចរបស់តុលាការ ដែលនឹងឈានទៅដល់ នៅពេលខាងមុខ»