(ភ្នំពេញ)៖ កុមារី សុខ សុជាតា ដែលជាបេក្ខជនប្រឡងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានសាលាអន្ដរជាតិអាស៊ាន សម្រេចផ្ដល់អាហារូបករណ៍ឲ្យសិក្សាដោយឥតគិតថ្លៃ ទាំងកម្មវិធីចំណេះទូទៅ ភាសាជាតិ និងកម្មវិធីភាសាអង់គ្លេស រហូតដល់ចប់កម្មវិធីសិក្សា។

ក្នុងពិធីសំណេះសំណាល លោក ហុង លឹម នាយកសាលាអន្ដរជាតិអាស៊ាន បានសម្ដែងនូវការកោតសរសើរ ដល់ទេពកោសល្យ និងភាពក្លាហាន របស់កុមារីរូបនេះ ព្រមទាំងលើកទឹកចិត្តឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍន៍ខ្លួនជាធនធានដ៏មានតម្លៃ និងជាគំរូល្អសិស្សានុសិស្ស ក៏ដូចជាកុមារដទៃទៀត។

ក្នុងនោះលោក ហុង លឹម នាយកសាលាអន្ដរជាតិអាស៊ាន ក៏បានផ្ដល់រង្វាន់លើកទឹកចិត្ត និងជំនួយស្មារតី ក្នុងការសិក្សាជាកុំព្យូទ័រយូរដៃ១គ្រឿង បន្ថែមទៀតផងដែរ។

នាយកសាលាអន្ដរជាតិអាស៊ានរូបនេះ ក៏បានជំរុញឲ្យកុមារី សុខ សុជាតា ត្រូវខិតខំសិក្សារៀនសូត្រ ដោយដូចជាការខិតខំ ប្រឡងចម្រៀង កម្មវិធី The Voice Kids Cambodia រដូវកាលទី១នេះដូចគ្នា។ លោកបន្ដថា ក្មួយស្រីនៅក្មេង ដូចច្នោះហើយត្រូវតែខំរៀន ទោះជាពេលនេះក្មួយស្រី ក្លាយជាចម្រៀងវ័យក្មេងម្នាក់ ហើយរវល់យ៉ាងណាក្ដី។

បើតាមរយៈគ្រូបន្ទុកថ្នាក់ និងមិត្តរួមថ្នាក់ បានឲ្យដឹងថា កុមារីសុខ សុជាតា រូបនេះ ជាសិស្សឆ្លាត គោរពវិន័យសាលា និងជាក្មេងស្រីគួរឲ្យស្រលាញ់រាប់អាន របស់មិត្តភក្ដិទាំងឡាយ។

អ្នកស្រី អ៊ិត ធីតា ដែលត្រូវជាម្ដាយ កុមារី សុខ សុជាតា បានសម្ដែងនូវក្ដីសប្បាយ រីករាយ និងថ្លែងអំណរគុណ ដល់នាយកសាលាអន្ដរជាតិអាស៊ាន ដែលបានផ្ដល់អាហារូបករណ៍,កុំព្យូទ័រយូរដៃ១គ្រឿង និងសៀវភៅសិក្សា និងសម្ភារសិក្សាទាំងអស់ នាងខ្ញុំសូមជូនពរ​ លោកនាយកសាលា ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងរីកចម្រើនជារៀងរហូត និងមានកូនសិស្សចូលមករៀនឲ្យបានច្រើន។

គួរបញ្ជាក់ថា កុមារី សុខ សុជាតា មានអាយុ១២ឆ្នាំ បច្ចុប្បន្នជាសិស្សភាសាអង់គ្លេស កម្មវិធីពេញម៉ោង (Intensive English Program) របស់សាលាអន្ដរជាតិអាស៊ាន សាខាបឹងត្របែក
ទី២ និងជាសិស្សរៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យ វត្ដដំបូកខ្ពស់ មានឪពុកឈ្មោះ ជា សុខ អាយុ៤៩ឆ្នាំ ជាជាងអគ្គិសនី និងម្ដាយឈ្មោះ អ៊ិត ធីតា អាយុ៤២ឆ្នាំ មុខរបរជាស្ដ្រីមេផ្ទះ មានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ៕