(ភ្នំពេញ)៖ ដើម្បីការពារប្រជាពលរដ្ឋ និងបញ្ជៀសនូវរាល់បញ្ហាពាក់ព័ន្ធ និងការឆបោក ទៅលើកាវិនិយោគរបស់ក្រុមហ៊ុន​ផ្សេងៗ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន ​ប្រសិនបើមាន​ក្រុមហ៊ុន ដែលគ្មានគម្រោងវិនិយោគច្បាស់លាស់ ដើរប្រមូលលុយពីពលរដ្ឋដោយសំអាងថា យកទៅវិនិយោគនេះ ឬវិនិយោគនោះ សូមពលរដ្ឋ​ទាំងអស់កុំផ្ដល់ឲ្យ ព្រោះនេះជាការបោកប្រាស់ប៉ុណ្ណោះ។

ការលើកឡើងបែបនេះ របស់លោកធ្វើឡើងនាឱកាសដែលលោក ចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលជំនាញផ្សារមូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹកការអនុវត្តច្បាប់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នាសាកលវិទ្យាល័យ​ធនធានមនុស្ស ដោយមាន​ការចូលរួមពីសំណាក់ សិស្សានុសិស្សប្រមាណ៥០០នាក់។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា «សិក្ខាសាលានេះ បង្ហាញជូនពីអាជីវកម្មជួញដូរ ឧបករណ៍និស្សន្ទដូចជា៖ ការជួញដូរលើហាងឆេងមាស, ហាងឆេងប្រេង, ហាងឆេងរូបីយបណ្ណជាដើម ដោយត្រូវពិនិត្យមើលក្រុមហ៊ុនទាំងនោះ ធ្វើអាជីវកម្មមាន អាជ្ញាបណ្ណ ឬការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជាដែរឬទេ?។ ករណីការប្រមូលលុយ ពីប្រជាពលរដ្ឋដោយយកទៅវិនិយោគជំនួស ហើយសន្យាផ្តល់ឲ្យ​អ្នក​ដាក់ប្រាក់ទាំងនោះ នូវផលកម្រៃហិរញ្ញវត្ថុជាប្រាក់ចំណេញ ឬភាគលាភ ដែលករណីនេះ ជាអាជីវកម្មលើគម្រោងវិនិយោគ រួមដោយត្រូវមានអាជ្ញាបណ្ណជាមុនពី គណៈកម្មការមូលបត្រកម្ពុជា ប៉ុន្តែរហូតដល់ពេលនេះ គ្មានក្រុមហ៊ុនណាមួយ ទទួលបានអាជ្ញាបណ្ណលើអាជីវកម្មគម្រោងវិនិយោគរួមនេះឡើយ។ ប៉ុន្តែប្រសិនបើករណីប្រមូល លុយពីប្រជាពលរដ្ឋនេះ ដោយអះអាង ថាយកទៅវិនិយោគនេះ វិនិយោគនោះ តែគ្មានគម្រោងវិនិយោគ ពិតប្រាកដ ឬគម្រោងវិនិ យោគខ្យល់ គឺជាការឆបោកតែប៉ុណ្ណោះ។

លោក ស៊ូ សុជាតិ បានឲ្យដឹងទៀតថា កម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹង ពីផលប្រយោជន៍នៃទីផ្សាមូលបត្រនៅកម្ពុជា ​ដូចជា៖ ​ការបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ជាសាធារណៈការទិញភាគហ៊ុននៅទីផ្សារដំបូង, ការជួញដូរភាគហ៊ុននៅទីផ្សារបន្ទាប់, ជាពិសេសស្វែងយល់ពីក្របខណ្ឌច្បាប់ នៃការធ្វើអាជីវកម្មមូលបត្រ ដោយគ្មានការអនុញ្ញាត និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះបានលើកពីករណី ជាក់ស្តែងនៃការឆបោក ក្នុងវិស័យហិរញ្ញវត្ថុដោយក្រុមហ៊ុនអង្គការ សមាគមមួយចំនួនផងដែរ ដើម្បីបញ្រ្ជាបជាចំណេះដឹង និងបទពិសោធន៍ដល់អ្នកចូលរួម និងបន្តចែករំលែកដល់ប្រជាពលរដ្ឋ ឲ្យធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះការវិនិយោគដែលអាចមានលក្ខណៈឆបោកទាំងនេះ៕