(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បី​​រំដោះប្រទេសកម្ពុជាចេញពីភាពក្រីក្រ​១០០ភាគរយ មកនៅត្រឹម១៣ភាគរយ។ សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន

​សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដខិតខំប្រឹងប្រែងការងារនេះបន្ដទៀត ដើម្បីបំពេញមហិច្ឆតាឲ្យប្រែប្រទេសកម្ពុជា ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

ការមានប្រសាសន៍ខាងលើនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ខណៈសម្ដេចបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ១៥,២១១នាក់ មកពីរោងចក្រចំនួន១០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងតំបន់កំបូលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «យើងបានខិតខំច្រើនណាស់សម្រាប់ការលូតលាស់ នៃសេដ្ឋកិច្ចរបស់ជាតិ ដែលនាំឆ្ពោះយើងពីភាពក្រីក្រ១០០ភាគរយ មកកាន់ប្រទេសមួយដែលមានអត្រា នៃភាពក្រីក្រត្រឹមតែ១៣ភាគរយ តែប៉ុណ្ណោះ [...] យើងបានចាកចេញពីប្រទេស ដែលមានចំណូលទាប មកកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានមហិច្ឆតាឆ្ពោះទៅកាន់​ប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៅកាន់កម្មករ កម្មការិនីទាំងអស់ថា ​ដែលហៅថានៅលើបន្ទាត់ នៅក្រោមបន្ទាត់ នៃភាពក្រីក្រ តាមការកំណត់របស់អង្គការសហប្រជាជាតិ កាលពីមុនអ្នករកបាន១ដុល្លារ ក្នុងមួយថ្ងៃ ចាត់ទុកថានៅលើបន្ទាត់នៃភាពក្រីក្រ ឥលូវនេះអ្នករកបាន១.២៤ដុល្លារ ​ចាត់ទុកថាបានផុតពីបន្ទាត់នៃភាពក្រីក្រ ប៉ុន្ដែសម្រាប់កម្មករឥលូវនេះ បើគិតអំពីប្រាក់បៀវត្ស៍អប្បបរមា នៅឆ្នាំនេះ១៥៣ដុល្លារ ស្នើនឹងមួយថ្ងៃ៥ដុល្លារ។

សម្ដេចនាយរដ្ឋមន្ដ្រី ក៏បានអះអាងថា កិច្ចការនៅចំពោះមុខដែលត្រូវអនុវត្តបន្ដទៀតនោះ គឺត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ហើយសម្ដេចជឿជាក់ថា ធនធានវ័យក្មេងរបស់ប្រទេសកម្ពុជានឹងអាចធ្វើកិច្ចការងារនេះបាន៕