(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានរៀបចំកម្មពិធីសំណេះសំណាល និងចែក រំលែកបទពិសោធន៍ ការសិក្សារបស់សិស្សប៊ែលធី និន្ទេស A ចំនួន ២៦រូប ជូនដល់សិស្សថ្នាក់ទី១២ ដែលនឹងត្រូវ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សាថ្មី២០១៧-២០១៨នេះ ចំនួន ១,៤៦៧នាក់ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោកស្រី ។

លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប បានឲ្យដឹងថា បច្ចុប្បន្ននេះសាលាប៊ែលធីអន្តរជាតិ មាន ២១សាខា ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង ០៣សាខាកំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៤,៦២៩នាក់ ។ ក្នុងឆ្នាំសិក្សា២០១៦-២០១៧ កន្លងមកនេះ សិស្សប៊ែលធីដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជ្រើសរើសយក ការប្រលងថ្នាក់វិទ្យាសាស្ត្រមានចំនួន ១,១៧៣នាក់ ក្នុងនោះ និទ្ទេស A ២៦នាក់ (និទ្ទេស A លេខ១ ទូទាំងប្រទេស), និទ្ទេស B ៩៨នាក់, និទ្ទេស C ១៣៤នាក់, និទ្ទេស D ១៦៥នាក់ និងនិទ្ទេស E ៤៥៨នាក់។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប បានកោតសរសើរចំពោះ សិស្សនិទ្ទេស A ទាំង ២៦រូប និងសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ។ លោកក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យសាលាបានល្អ។ លើសពីនេះទៀត លោកក៏បានកោតសរសើរចំពោះ សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបានជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៣ឆ្នាំចុងក្រោយនេះ៖
១-ឆ្នាំ២០១៧នេះ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០។
២-ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០ ។
៣-ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩។

ជាទីបញ្ចប់ លោកអគ្គនាយក និងលោកស្រី បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% ជូនដល់សិស្សនិទ្ទេស A ទាំង ២៦រូប ដែលត្រូវទៅបន្តការសិក្សាឯក្រៅប្រទេស ដូចជាប្រទេសសិង្ហបុរី ថៃ ចិន ជប៉ុន និងប្រទេសកាណាដា ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់ការចំណាយផ្សេងៗ ក្នុងម្នាក់ៗ ២,០០០ដុល្លារ ។ ដោយឡែកសិស្ស និទ្ទេស A លេខ១ ទូទាំងប្រទេស ស គីមស៊ា លោកអគ្គនាយកក៏បានឧបត្ថម្ភថវិកា ៥,០០០ដុល្លារ សម្រាប់ឆ្នាំដំបូង និង៣,០០០ដុល្លារ សម្រាប់ឆ្នាំបន្តបន្ទាប់ រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ជាមួយគ្នានេះដែរ លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលបង្រៀនសិស្សជាប់និទ្ទេស A ក៏ទទួលបានលិខិតសរសើរ និងថវិកាលើកទឹកចិត្តក្នុងម្នាក់ៗ ១០០ដុល្លារផងដែរ ៕