(ភ្នំពេញ)៖ បើមិនមានការប្រែប្រួលទេ ស្ពានបាឡេ និងស្ពានបេតុងឆ្លងកាត់ទន្លេសាប ត្រង់ចំណុចឃ្លាំងសាំងក្រុមហ៊ុនសូគីមិច ឆ្ពោះទៅតំបន់ជ្រោយចង្វារ នឹងបើកការដ្ឋានសង់ព្រមគ្នា នៅថ្ងៃទី​២៣​ ខែ​តុលាខាងមុខនេះ ​​ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កិច្ចប្រជុំដើម្បីត្រៀមរៀបចំពីធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងរសៀល​ថ្ងៃទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧ ដែលដឹកនាំកិច្ចប្រជុំ ដោយលោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ជាមួយតំណាងក្រុមហ៊ុន OCIC នៅសាលារាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះស្ពានបេតុងដែលគ្រោងនឹងស្ថាបនានេះ មានប្រវែងសរុប៩២២ម៉ែត្រ ទទឹង ២០.៥ម៉ែត្រចិញ្ចើមស្ពានសម្រាប់ថ្មើរជើង១.២៥ម៉ែត្រ សងខាងកំពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ម៉ែត្រ សរសរសម្រាប់ព្យួរខ្សែកាបមានចំនួន៤សរសរ គម្លាតពីគ្នា១២០ម៉ែត្រ គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរចំនួន ២ខ្សែទៅ ២ខ្សែមក ល្បឿនសុវត្ថិភាព៤០គ.មក្នុង១ម៉ោង កំពស់នាវាចរក្រោមស្ពាន អតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ កំពស់នាវាចរក្រោមស្ពាន អប្បបរមានៅរដូវប្រាំង២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ ដាក់ស្លាកសញ្ញាចរាចរផងដែរ។

គួរបញ្ជាក់ថា ចំពោះគំរោងសាងសង់ស្ពានបាឡេ ដែលនៅអម និងស្ពានថ្មនេះ នឹងត្រូវប្រើប្រាស់រយៈពេល៦ខែ ដោយចាប់ផ្តើមចេញពីចំណុចឃ្លាំងសាំងក្រុមហ៊ុនសូគីមិច គីឡូមែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវឆ្លងទៅកាន់ តំបន់អភិវឌ្ឍន៍ជ្រោយចង្វា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ស្របជាមួយការសាងសង់ស្ពានថ្មថ្មី នៅជាប់គ្នានិងស្ពានបាឡេនេះផងដែរ។

ការស្ថាបនាស្ពានបាឡេនេះ ធ្វើឡើងដើម្បីរំដោះចរាចរលើផ្លូវជាតិលេខ៦ ខណៈស្ពានជ្រោយចង្វារចាស់ ចាប់ផ្តើមបិទចរាចរ និងធ្វើការជួសជុលនៅថ្ងៃទី០១ តុលានេះ។ ចំពោះការជួលជុលការដ្ឋានស្ពានជ្រោយចង្វារចាស់នេះ បើតាមគំរោងនឹងប្រើរយៈពេល២៨ខែ ក្នុងការស្ថាបនា ដោយចំណាយទឹកប្រាក់៣៥លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA៕