(សៀមរាប)៖ សិក្ខាសាលាស្តីពីការរៀបចំស្ថាប័នប្រកួតប្រជែង ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៧ ក្រោមការដឹកនាំសម្របសម្រួលដោយលោក គឹម មាសសុខសីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងលោកស្រី រ៉េន ឌឺ គ្រូឆី (Ms Rayne De Gruchy) នាយកប្រតិបត្តិ នៃគណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់ប្រទេសអូស្រា្តលី (Australian Competition and Consumer Commission – ACCC) ព្រមទាំងមានការចូលរួមពីតំណាងស្ថាប័នប្រកួតប្រជែង ក្នុងអាស៊ាន រួមមាន៖ វៀតណាម ឡាវ មីយ៉ាន់ម៉ា តំណាងលេខាធិការដ្ឋានអាស៊ាន និងមន្រ្តីកម្ពុជាមួយចំនួន ពីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលានេះជាសិក្ខាសាលាថ្នាក់តំបន់ ដែលត្រូវរៀបចំឡើង ដោយអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី ក្រោមគម្រោងអនុវត្តច្បាប់ ប្រកួតប្រជែង (Competition Law Implementation Program - CLIP) ក្នុងគោលបំណងប្រើប្រាស់សិក្ខាសាលានេះ ជាវេទិការមួយសម្រាប់ប្រទេស ដែលស្ថិតក្នុងដំណាក់កាលរៀបចំច្បាប់ប្រកួតប្រជែង ឬស្ថិតក្នុងដំណាក់កាលកសាងស្ថាប័នប្រកួតប្រជែង ឬមានបទពិសោធន៍តិចតួច ក្នុងការអនុវត្តច្បាប់ ប្រកួតប្រជែង ពិភាក្សាគ្នាលើបញ្ហា ប្រឈមនានាពាក់ព័ន្ធដល់ការបង្កើត ស្ថាប័នប្រកួតប្រជែង ឬដំណើរការស្ថាប័នប្រកួតប្រជែង ដើម្បីធានាឲ្យការ អនុវត្តច្បាប់ប្រកួតប្រជែងឲ្យមានប្រសិទ្ធិភាពខ្ពស់។

សិក្ខាសាលានេះ នឹងផ្តល់ឱកាសឲ្យអ្នកចូល រួមទាំងអស់ សិក្សានិងដកស្រង់បទពិសោធន៍ពីប្រទេសអូស្រ្តាលី និងប្រទេសហ្វីលីពីន ក្នុងការរៀបចំស្ថាប័នប្រកួតប្រជែង ឲ្យស្របតាមស្ថានភាពសេដ្ឋកិច្ចនិងបទបញ្ញត្តិនានារបស់ខ្លួន។

លោកស្រី រ៉េន ឌឺ គ្រូឆីសំដែងការរីករាយយ៉ាងខ្លាំង ដោយមើលឃើញពីកិច្ចសហប្រតិបត្តិការ ជិតស្និតរវាងគណៈកម្មាធិការប្រកួតប្រជែងនិងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំង វឌ្ឍនភាព នៃគោលនយោបាយ និងច្បាប់ប្រកួតប្រជែង ក្នុងប្រទេសជាសមាជិកអាស៊ានទាំងអស់។

លោកស្រី បានបន្ថែមទៀតថា សិក្ខាកាមនឹងទទួលបានបទការចែករំលែកពិសោធន៍ ជាក់ស្តែងពាក់ព័ន្ធដល់ ការបង្កើត ស្ថាប័ន ប្រកួតប្រជែងប្រកបដោយប្រសិទ្ធិភាព សារសំខាន់ នៃការអនុវត្តច្បាប់ប្រកួតប្រជែង និងបញ្ហា ប្រឈមនានាដែលស្ថាប័នប្រកួតប្រជែងអាចជួបប្រទះ។

លោក គឹម មាសសុខសីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីពាក់ព័ន្ធដល់ការបង្កើត និងការរៀបចំស្ថាប័ន ប្រកួតប្រជែង ហើយប្រើប្រាស់ ចំណេះដឹងទាំងនោះ ក្នុងរួមចំណែក្នុងតាក់តែងច្បាប់ប្រកួតប្រជែង ក៏ដូចជារៀបចំ ស្ថាប័នប្រកួតប្រជែងរបស់ខ្លួន ដើម្បីអនុវត្តច្បាប់នេះ ប្រកបដោយប្រសិទិ្ធភាពខ្ពស់ ជាពិសេសសម្រាប់ប្រទេស កម្ពុជា ដែលស្ថិតក្នុងដំណាក់កាលតាក់តែង ច្បាប់និងកសាងស្ថាប័នប្រកួតប្រជែង។

ប្រទេសកម្ពុជាទទួលស្គាល់ថា ការប្រកួតប្រជែង គឺមានសារៈសំខាន់ណាស់ សម្រាប់ជំរុញឲ្យមានបរិយាកាស ធុរកិច្ចមួយដ៏រឹងមាំ។ ការកើនឡើងនូវការប្រកួតប្រជែង មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ដល់អ្នកប្រើប្រាស់នូវ ទំនិញ ឬសេវាដែលមានជម្រើសច្រើន គុណភាពខ្ពស់ និងតម្លៃទាប ប៉ុន្តែថែមទាំងបង្កើនផលិតភាព និងការ ច្នៃប្រឌិតខ្ពស់ដែលជាធាតុមួយដ៏សំខាន់រួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយ ប្រកួត ប្រជែងប្រកបដោយប្រសិទិ្ធភាព តែងតែរួមបញ្ចូលការអនុវត្តច្បាប់ប្រកួតប្រជែង ដែលត្រូវបានរៀបរៀង ឡើងដើម្បីរារាំងសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យការប៉ះពាល់ដល់ទីផ្សារប្រកួតប្រជែង ក្នុងគោលបំណង ធានាដំណើរការប្រកួតប្រជែងក្នុងទីផ្សារដោយស្មើភាពគ្នា។

ដោយមើលឃើញពីភាពចាំបាច់ និងសារសំខាន់នៃគោលនយោបាយ និងច្បាប់ប្រកួតប្រជែង ប្រទេសកម្ពុជា ដែលមានអគ្គនាយដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលជាអ្នកទទួលបន្ទុក ក្នុងការជំរុញការងារនេះ បានខិតខំរៀបចំសេចក្តីព្រាងច្បាប់ប្រកួតប្រជែង ដោយមានជំនួយបច្ចេកទេសពីជំនាញការច្បាប់ ប្រកួត ប្រជែងអូស្រ្តាលី។ សេចក្តីព្រាងច្បាប់ប្រកួតប្រជែងនេះ កំពុងពិភាក្សាដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងសង្ឃឹមថាបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី នាចុងឆ្នាំនេះបន្ទាប់ពីបញ្ចប់ការពិភាក្សាចុងក្រោយនេះ៕