(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ ចាត់វិធានការលើក្រុមអាជីវករ ប្រមាណជា៧០គ្រួសារ ដែលលក់ដូរទំនិញដូចជា៖ គុយទាវ លតឆា ម៊ីឆា សាច់គោអាំង ប្រហិត និងគ្រឿងទេសផ្សេងៗ គ្រប់ប្រភេទនៅខាងមុខ ឃ្លាំងសាំងសួនច្បារសូគីមិច ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ប្រាកដជាអាចប្រឈម​ការ បាត់បង់មុខរបរជាក់ជាមិនខានប្រសិនបើនៅតែបន្តសកម្មភាព ចោលកាកសំណល់សម្រាមពាសវាលពាសកាលយ៉ាងអនាធិប្បតេយ្យ ព្រមទាំងរំលោភលើចំណីចិញ្ចើមផ្លូវ សាធារណៈរបស់រដ្ឋ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយយ៉ាងដូច្នេះ។

លោក ប្រាជ្ញ សីហា ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំមួយ ដើម្បីពិភាក្សាប្ដូរយោបល់ជាមួយប្រជាពលរដ្ឋជាអាជីវករលក់ដូរផ្សេងៗ នៅខាងមុខឃ្លាំងសាំងសួនច្បារសូគីមិច ប្រមាណ៧០គ្រួសារ នូវពុំទាន់ជ្រួលជ្រាបយល់ដឹងបានច្រើនអំពីបទដ្ឋានបច្ចេកទេសផ្លូវច្បាប់ ក្នុងការរិះរកដំណោះស្រាយ ពាក់ព័ន្ធបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការរំលោភលើចំណីចិញ្ចើមផ្លូវការចោលកាកសំណល់សម្រាម ដោយគ្មានរបៀបរៀបរយដែលធ្វើឲ្យបាត់បង់ សោភ័ណ្ឌភាពរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតក្នុងអាគារ A សាលាខណ្ឌឫស្សកែវ ដោយមានការអញ្ជើញចូលរួមពីលោក យឹម សាវុធ អធិការរងនគរបាលខណ្ឌ លោក អង សំអាត មេបញ្ជាការរងអាវុធហត្ថខណ្ឌ និងមន្ត្រីពាក់ព័ន្ធតាមការិយាល័យជុំនាញសាធារណៈការខណ្ឌ ប្រធាន-អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌជាមួយ តំណាងក្រុមហ៊ុនស៊ុនទ្រី ដែលមានរថយន្ដសម្រាប់ប្រមូលកាកសំណល់សម្រាមផងដែរ។

លោក ប្រាជ្ញ សីហា បានបន្តថា បើក្នុងករណីក្រុមអាជីវករលក់ដូរនៅខាងមុខឃ្លាំងសាំងសួនច្បារសូគីមិច ទាំងអស់ព្រមស្ដាប់ហើយអនុវត្តតាមការ ណែនាំរបស់អាជ្ញាធរ អាចឲ្យលក់ដូរជាបណ្ដោះអាសន្នបន្តទៅទៀតបាន ដោយរង់ចាំទម្រាំរកទីតាំងថ្មី ក្រៅពីសួនច្បារសូគីមិច តាមការបាញ់គំនូស កំណត់ទីតាំងតូចឫធំជូនពីអាជ្ញាធរក្នុងពេលឆាប់ៗនេះ ពិសេសនៅពេលស្ថាប័នរដ្ឋតម្រូវឲ្យរុះរើចេញដើម្បីយកទីតាំងមកគ្រប់គ្រងវិញដាច់ខាត ត្រូវតែប្រគល់ជូនដោយគ្មានលក្ខ័ណតវ៉ា តាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នាកន្លងទៅ។

ក្នុងកិច្ចប្រជុំរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ដើម្បីពិភាក្សារកដំណោះស្រាយ ខាងលើនេះ អាជីករមួយចំនួន បានលើកឡើងស្នើសុំយ៉ាងទទូចឲ្យអាជ្ញាធរ ធ្វើយ៉ាងណាអនុញាតពួកគាត់ បន្តសកម្មភាពលក់ដូរតទៅទៀត ដើម្បីរកទទួលទានចិញ្ចឹមជីវិតហើយសន្យាចូលរួមសហការគ្រប់តម្រូវការចាំបាច់ របស់អាជ្ញាធរសំខាន់ឲ្យតែអាចលក់ដូរបន្តទៅទៀតបាន។

លោក ប្រាជ្ញ សីហា បានសង្កត់ធ្ងន់ថា ដោយមើលឃើញជាក់ស្ដែងពីការលំបាករបស់ក្រុមអាជីវករដែលពុំទាន់រកទីតាំងថ្មីសម្រាប់លក់ដូរបាន ក្រៅពីនៅខាងមុខឃ្លាំងសាំងសួនច្បារសូគីមិច លោកសម្រេចអនុញាតឲ្យក្រុមអាជីវករទាំងនោះ លក់ដូរជាបណ្ដោះអាសន្នបន្តទៅទៀតបាន តែត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព ទៅតាមការណែនាំរបស់អាជ្ញាធរដូចជា៖ ហាមចោលកាកសំណល់សម្រាមពាសវាលពាសកាល និងវេចខ្ចប់ទុកដាក់ ឲ្យបានត្រឹមត្រូវ ដូចវេចខ្ចប់ទុកដាក់សម្រាមនៅផ្ទះរបស់ខ្លួនឯងហាមដាច់ខាត ការយកចំណីចិញ្ចើមផ្លូវសាធារណៈមកដាក់តាំងលក់ទំនិញផ្សេងៗ ដោយធ្វើតាមការបាញ់គំនូសកំណត់ទីតាំងតូចឫធំជូនពីអាជ្ញាធរ ពិសេសនៅពេលអាជ្ញាធរស្ថាប័នរដ្ឋតម្រូវ ឲ្យរុះរើចេញដើម្បីយកទីតាំងមក គ្រប់គ្រងវិញដាច់ខាតត្រូវតែប្រគល់ជូនដោយគ្មានលក្ខ័ណតាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាកន្លងមក៕