(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ ប្រិយមិត្តបានដឹងរួចហើយថា រឿងកំប្លែង លាយរន្ធត់«ផ្អើលភូមិ» នឹងចាក់បញ្ចាំង នៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី ២៧ តុលា ២០១៧នេះតទៅហើយ។ នេះជាវណ្ណកម្មថ្មី របស់​ផលិតកម្ម «រស្មីតាន់តាន់» ក្រោមការចែកចាយ របស់ក្រុមហ៊ុន «ពូព្រហ្ម»។ ​យើង​ក៏ឃើញមាន មតិសាធារណជនមួយចំនួន ចង់ស្គាល់ថា តារាសម្តែងសំខាន់ក្នុងភាពយន្តខ្នាតវែងថ្មី មាននរណាខ្លះ និងប្រវត្តិអាជីពដូចម្តេចដែរ?

តារាសម្ដែងល្បីៗ ទាំងនោះរួមមាន លោកខាត់ វ៉ៃហាំង កញ្ញា ស៊ិន សក្កដា កញ្ញា ឆុំ វីកាន់ណាដា និងនាយ ភី ម៉ៃ។

ខាត់ វ៉ៃហាំង៖​

សម្តែងជាតួ «គង់ដេត» ជាប៉ូលិស ថ្នាក់អនុសេនីយឯកវ័យក្មេង ម៉ឺងម៉ាត់ចំពោះការងារ តែទន់ភ្លន់ ចំពោះស្នេហា តាមស្រឡាញ់កូនថៅកែ ហាន ជួយរកយុត្តិធម៌ឲ្យអ្នកភូមិ។ លោកចាប់ផ្តើមប្រឡូក ក្នុងអាជីពសិល្បៈ បន្ទាប់ពីជាប់លេខ៤ ក្នុងការប្រកួត Freshie Girls and Boys រដូវកាលទី៧។ ​មិនតែប៉ុណ្ណោះ វ៉ៃហាំង ធ្លាប់សម្តែង ក្នុងរឿងភាគដូចជា៖ «ស្នាមស្នេហ៍ថ្មី លើដំបៅចាស់», «និស្ស័យស្នេហ៍», «សាកលវិទ្យាល័យកំណើតស្នេហ៍», «ចិត្តស្អប់បង្កប់ស្នេហ៍», «សង្គ្រាមបងប្អូន»។

ស៊ិន សក្កដា៖

សម្តែងជាតួគ្រូបង្រៀនក្នុងភូមិ ស្រស់បស់ រាក់ទាក់តែមិនងាយមានបុរសណា​ចូលជិតបាន ដោយសារឪពុកឈ្មោះ ជាអ្នកស្តុកស្តម្ភ និងមានអំណាច មានចិត្តស្រឡាញ់ «គង់ដេត» វិញដែរ។ ក្រៅពីអាជីពជាគ្រូរបាំ កញ្ញាធ្លាប់សម្តែងក្នុងភាពយន្តខ្មែរ​ខ្នាតធំជាងគេ «ហ្លួងព្រះស្តេចកន» ជាតួមហេសី ព្រះបាទស្រីសុគនបទ រឿងភាគ «ពស់កេងកង» «ភ្លៀងមួយតក់» ចម្រៀងខារ៉ាអូខេ និងស្ពតឃោសនា នានា។

ឆុំ វីកាន់ណាដា៖ 

សម្តែងជាតួខ្មោច ដើរលេងគេពេញភូមិ ក្រោយពីត្រូវដាស់ឲ្យគ្រូអាគម និងថៅកែ ហាន មានប្រវត្តិ ស្នេហ៍ជូរចត់រហូតមានកូនក្នុងពោះ ត្រូវប្តីបោះបង់ចោល។ ក្រៅពីអាជីពជាតារាម៉ូដែល កញ្ញា ធ្លាប់ត្រូវបានទស្សនិកជនស្នើឲ្យតំណាង ប្រទេសកម្ពុជាក្នុងការប្រកួតសម្រស់ នារីជាអន្តរជាតិ។

ចង់ដឹងថាតើតារាទាំងបីដួង សម្តែងសមនឹងគ្នាយ៉ាងណទៅ សូមតាមដានរឿង «ផ្អើលភូមិ» ទាំងអស់គ្នាចាប់ពីថ្ងៃទី២៧ តុលានេះតទៅ!