(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ រួមជាមួយអង្គការសហប្រជាតិ និងអង្គការអន្តរជាតិធំៗមួយចំនួន បានបង្កើតកម្មវិធីរួមគ្នា របស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងារ របស់យុវជននៅកម្ពុជា» ដើម្បីអភិវឌ្ឍន៍យុវជន និងស្រ្តីវ័យក្មេងនៅកម្ពុជា ឲ្យទទួលបានការងារសមរម្យ និងមានផលិតភាពបន្ថែមទៀត។

ក្រោយបង្កើតកម្មវិធីនេះហើយ គណៈប្រឹក្សាភិបាល និងសមាជិក-សមាជិកាទាំងអស់ បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដើម្បីឧទ្ទេសនាមរបស់សមាជិក-សមាជិកា គណៈប្រឹក្សាភិបាល និងដើម្បីពិភាក្សា និងធ្វើការអនុម័តលើរបៀបវារៈចំនួន៣ រួមមាន៖ ការពិនិត្យ និងអនុម័តលើលក្ខខណ្ឌ ប្រតិបត្តិរបស់គណៈប្រឹក្សាភិបាល និងក្រុមប្រឹក្សាយោបល់ ការពិនិត្យ និងអនុម័តលើផែនការសកម្មភាព ប្រចាំឆ្នាំរបស់កម្មវិធី សម្រាប់ឆ្នាំទី១ ក្រោមសហអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោកស្រី Claire Vander Vaeren អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដែលជាសហប្រធាននៃគណៈប្រឹក្សាភិបាលនេះ នៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

គណៈប្រឹក្សាភិបាលរបស់កម្មវិធី «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ដែលបន្ទាប់តទៅហៅថា «កម្មវិធីរួមគ្នា» នឹងផ្តល់ការដឹកនាំជាយុទ្ធសាស្ត្រ ការត្រួតពិនិត្យផ្នែកអភិបាលកិច្ច និងការធានានូវសេចក្តីជឿទុកចិត្ត។ គណៈប្រឹក្សាភិបាលនឹងទទួលបានសិទ្ធិប្រទានពីម្ចាស់ជំនួយ ដើម្បីធ្វើការសម្រេចចិត្តនានា ដោយយោងតាមគោលបំណងអភិក្រម និងវិសាលភាពរបស់គម្រោង ដូចដែលបានកំណត់នៅក្នុងឯកសារគម្រោង។

សមាជិក-សមាជិកាគណៈប្រឹក្សាភិបាល រួមមាន​ តំណាងជាន់ខ្ពស់របស់ក្រសួងការងារ ក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារស្វីសដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ អង្គការអន្តរជាតិខាងការងារ (ILO) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការសហប្រជាជាតិផ្នែកអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ (UNESCO) មូលនិធិសហប្រជាជាតិសម្រាប់កុមារ (UNICEF) និងកម្មវិធីស្ម័គ្រចិត្តសហប្រជាជាតិ (UNV) ព្រមទាំងក្រុមប្រឹក្សាយោបល់យុវជន របស់អង្គការសហប្រជាជាតិ (UNYAP)។

សូមបញ្ជាក់ថា កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីមុខរបរ និងការងារ សម្រាប់យុវជននៅកម្ពុជានេះ នឹងកាន់តែជំរុញដល់ការអនុវត្តប្រកបដោយជោគជ័យ នូវគោលដៅនៃគោលនយោបាយជាតិធំៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកម្មវិធីរួមគ្នានេះ ចាប់ផ្តើមរយៈពេល២ឆ្នាំ ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ គឺដើម្បីអភិវឌ្ឍន៍យុវជន និងស្រ្តីវ័យក្មេងកាន់តែច្រើនឡើងទទួលបានឱកាសការងារសមរម្យ និងមានផលិតភាព ហើយអ្វីដែលជាការរំពឹងទុកក្នុងការសម្រេចឱ្យបាន រួមមាន៖ ទី១៖ យុវជន និងស្រ្តីវ័យក្មេងទទួលបានការអប់រំក្នុង និងក្រៅប្រព័ន្ធប្រកបដោយគុណភាព និងការស្ម័គ្រចិត្តដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ទី២៖ យុវជន និងស្រ្តីវ័យក្មេងទាំងក្នុង និងក្រៅសាលាបានទទួលជំនាញអាជីវកម្ម និងសហគ្រាសគ្រប់គ្រាន់ដើម្បីអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព និងទី៣៖ យុវជន និងស្រ្តីវ័យក្មេងបានទទួលអត្ថប្រយោជន៍ពីហានិភ័យនៃការរំលោភបំពាន និងការរើសអើងនៅកន្លែងការងារ៕