(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ថា​ កម្លាំងនគរបាលចំនួនជិត៣ម៉ឺននាក់ ត្រូវបានត្រៀមដើម្បីការពារ និងរក្សាសន្តិសុខជូន ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកំសាន្ដ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលជិតឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ការថ្លែងបញ្ជាក់យ៉ាងដូច្នោះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្ដាល ប្រធាននាយកដ្ឋានជំនាញ និងស្នងការរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យពីសភាពការណ៍កើតឡើងថ្មីៗ នៅក្នុងប្រទេសដើម្បីដាក់ផែនការ ក៏ដូចជាអនុវត្តបន្ដទៀត នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់ក្រុមសារព័ត៌មានថា «ជាការរៀបចំ តៗមក រៀងរាល់ឆ្នាំ យើងរៀបចំរាប់ម៉ឺននាក់ កម្លាំងរបស់យើង មិនក្រោម ពី២ម៉ឺន ទៅ៣ម៉ឺននាក់នោះទេ ប៉ុន្ដែឆ្នាំនេះ គឺយើងយកចិត្តទុកដាក់មួយទៀត សំខាន់ធ្វើយ៉ាងម្ដេច ឲ្យមានការកក់ក្ដៅ ហើយយើងខំធ្វើម្ដេចឲ្យមានសណ្ដាប់ធ្នាប់ជាងមុន...ចឹងត្រូវទាក់ទង នឹងជម្រាបជូនដំណឹង ប្រជាពលរដ្ឋក្នុងការប្រាប់ឲ្យប្រជាពលរដ្ឋ​ដឹងថា ត្រូវធ្វើរបៀបម៉េច ទៅតាមផ្លូវណា មកផ្លូវណា...យើងបន្ថយការបិទច្រក កុំឲ្យប្រជាពលរដ្ឋមានការធន់ទ្រាំ»

អគ្គស្នងការរងនគរបាលជាតិ បានបន្ថែមទៀតថា «កម្លាំងពីឆ្នាំមុន និងឆ្នាំនេះ មិនលើសគ្នានោះទេ ប៉ុន្ដែយើងគ្រាន់តែដកបទពិសោធន៍ អំពីអ្វីដែលយើងគិតថា ធ្វើមិនសូវល្អកន្លងមក យើងខំប្រឹងធ្វើឲ្យល្អ យើងខំកាត់បន្ថយ ស្អីដែលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ យើងធ្វើយ៉ាងណា កុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ»

សូមជម្រាបថា បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា តាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋចូលរួមកម្សាន្ដសប្បាយរីករាយ អបអរសាទរប្រពៃណីទំនៀមទំលាប់ជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បៈគ្រប់ទាំង៣ថ្ងៃ។

​ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះ​ឲ្យបានឱឡារឹក ស្របតាមលក្ខណៈប្រពៃណីជាតិ និងសភាពការណ៍សេដ្ឋកិច្ច ជាក់ស្តែងរបស់ប្រទេសជាតិ និងធានាសុវត្ថិភាព និងការសប្បាយផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលខុសត្រូវ តាមភារកិច្ចរៀងៗខ្លួនដើម្បីធានាថា ព្រះរាជពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។

អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំជារៀងស្នាក់នៅរបស់កម្លាំងចំណុះទូកដែលនឹងមកចូលរួម រួមទាំងការរៀបចំបង្គន់អនាម័យ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងឲ្យបានសមរម្យផងដែរ ហើយទីតាំងសម្រាប់ចំណុះទូកស្នាក់នៅឆ្នាំនេះ គឺស្ថិតនៅប៉ែកខាងជើងស្ពានជ្រោយចង្វារទាំងអស់ ដោយមិនអនុញ្ញាតិឲ្យមកស្នាក់នៅ ឬសំចតនៅប៉ែកខាងត្បូងស្ពានទេ៕