(ភ្នំពេញ)៖ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានចេញលិខិត កោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៣ថ្មីផ្សេងទៀត ឲ្យចូលខ្លួនទៅដោះស្រាយបំណុលពន្ធ ដែលបានជំពាក់រដ្ឋ ហើយក្នុងករណីម្ចាស់ក្រុមហ៊ុនទាំង៣មិនចូលមកដោះស្រាយទេ នឹងដាក់ពាក្យបណ្តឹងទៅតុលាការ។

លិខិតអញ្ជើញរបស់អគ្គនាយដ្ឋានពន្ធដារ បានកោះហៅម្ចាស់ក្រុមហ៊ុនទាំង៣ រួមមាន៖

១៖ លោក Rory Martin Hunter ម្ចាស់ក្រុមហ៊ុន ប្រូខនអ៊ិនវេសមេន ខូ អិលធីឌី

២៖ លោក កៅ ជូ ម្ចាស់ភោជនីយដ្ឋាន ប៉ោកី

៣៖ លោក Ho Leung ម្ចាស់ក្រុមហ៊ុន ប៊ីលអាប់ (ខេមបូឌា) មេនូហ្វេកឈ័រីង លីមីធីត

បើតាមអគ្គនាយដ្ឋានពន្ធដារ ការកោះអញ្ជើញជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីពន្ធដារ បានយកលិខិតអញ្ជើញ ទៅប្រគល់ជូនដល់
អាសយដ្ឋានក្រុមហ៊ុនរួចរាល់ហើយ ប៉ុន្ដែម្ចាស់ក្រុមហ៊ុនទាំងនោះ មិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។ ដូច្នេះម្ចាស់ក្រុមហ៊ុនទាំង៣នេះ ត្រូវអញ្ជើញមកអគ្គនាយដ្ឋានពន្ធដារ បន្ទប់លេខ២០៨ មិនឲ្យលើសពី១៥ថ្ងៃ គិតចាប់ពីថ្ងៃចេញលិខិត​អញ្ជើញនេះ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ទៀតថា «ក្នុងករណីមិនបានអញ្ជើញ មកតាមការកំណត់ លោកនាយកក្រុមហ៊ុនត្រូវចាត់ទុកថា បានប្រព្រឹត្តិព្រហ្មទណ្ឌ ស្ដីពីបទបញ្ញាតិ្តស្ដីពីពន្ធដារ ហើយអគ្គនាយដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្ដឹងទៅតុលាការ ដើម្បី​ផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុក របស់ក្រុមហ៊ុនដែលជាអ្នកជាប់ពន្ធ»។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៣មក ដោះស្រាយបំណុលជំពាក់ពន្ធរដ្ឋផងដែរ៕