(ភ្នំពេញ)៖ សពតារាចម្រៀង សាន ស្រីឡៃ និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ដែលត្រូវបានប្ដីបាញ់ប្រហារបណ្ដាលឲ្យស្លាប់នៅក្នុង ថ្លុកឈាមនោះ នឹងត្រូវបូជានៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ នៅក្នុងវត្តសែនសុខ ស្ថិតក្នុងសង្កាត់ឃ្មូញ ខណ្ឌសែនសុខ ដែលស្ថិតក្រោមការទំនុកបម្រុងទាំងពីស្រុង ពីស្ថានីយទូរទស្សន៍ហង្សមាស​។

សូមជម្រាបថា អំពើឃាតកម្ម​បាញ់សម្លាប់ចំនួន៣គ្រាប់ លើតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុង​មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងគឺជាប្ដីរបស់ស្ដ្រីរងគ្រោះតែម្តង បច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ។

លោក មាស រិទ្ធី អគ្គនាយករង នៃស្ថានីយ៍ទូរទស្សន៍ហង្សមាស ធ្លាប់បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារសម្លាប់តារាចម្រៀង សាន ស្រីឡៃ គឺជាប្តីរបស់ខ្លួន ដែលករណីឈានដល់ការបាញ់ប្រហារនេះកើតឡើង ដោយសារភ្លើងប្រច័ណ្ឌ៕