(ភ្នំពេញ)៖ ក្រោយពីមានរឿងកក្រើកថា មានអាចារ្យម្នាក់នៅវត្តសែនសុខ ទៅទារលុយពីក្រុមហ៊ុនហង្សមាស ថ្លៃតម្លល់សពតារាចម្រៀង សាន ស្រីឡៃ រហូតគម្រាមថា បើមិនឲ្យលុយត្រូវដឹកសព ចេញវិញនោះ ភ្លាមៗនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ព្រះចៅអធិការវត្តព្រះនាម ភារម្យ បានចេញមកច្រានចោល ហើយមានសង្ឃដីកាយ៉ាងច្បាស់ៗថា «ជាគោលការណ៍រួមវត្ត មិនដែលយកថ្លៃពីពិធីបុណ្យសពរបស់ប្រជាពលរដ្ឋណានោះឡើយ តាំងពីដើមដល់ចប់, ករណីអាចារ្យទារលុយជារឿងបុគ្គលតែប៉ុណ្ណោះ»។

ជាមួយគ្នានេះ ព្រះចៅអធិការក៏មានសង្ឃដីកាបន្តថា ករណីមានអាចារ្យទៅទារលុយ ថ្លៃតម្កល់សព គឺព្រះអង្គមិនបានដឹងនោះឡើយ ហើយអាចារ្យរូបនេះ ក៏មិនមែនជា​អាចារ្យប្រចាំវត្តសែនសុខដែរ ពោលគឺអាចា្យប្រចាំវត្តមានចំនួន៩នាក់ ហើយព្រះអង្គបានសុំឲ្យ៥នាក់ មកជួយរៀបចំចាត់ចែងពិធីបណ្យសពនេះ រីឯ៤នាក់ ផ្សេងទៀតជាប់ទៅបុណ្យសពប្រជាពលរដ្ឋផ្សេង។

ព្រះអង្គ ភារម្យ បានមានសង្ឃដីកាប្រាប់បណ្តាញព័ត៌មាន Fresh News ថា «នៅពេលមានបុណ្យសព គឺអាត្មា និងគណៈកម្មាវត្តគ្រាន់តែសួរម្ចាស់កម្មវិធីថា រៀបចំយ៉ាងដូចម្តេច ដើម្បីឲ្យវត្តជួយចាត់ចែង ហើយគោលការណ៍យកលុយកាក់ សូម្បីតែមួយកាក់មូយសេន ក៏វត្តមិនយកដែរ លើកលែងតែពលរដ្ឋ ចង់ប្រគេនកសាងសមិទ្ធផលក្នុងវត្ត នោះវត្តនឹងទទួល»។

មន្ត្រីសាលាខណ្ឌសែនសុខមួយរូប បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា អាចារ្យរូបនេះរស់នៅភូមិទី៧ ហើយជាអាចារ្យធំ (គ្រូបង្រៀនអាចារ្យ)។ អាចារ្យរូបនេះបានមកចាត់ចែង រៀបចំពិធីចាត់ចែងពិធីបុណ្យសព តារាចម្រៀង សាន​ ស្រីឡៃ រហូតមកទារលុយយ៉ាងច្រើនបែបនេះពីក្រុមហ៊ុនហង្សមាស។

ដោយឡែក អភិបាលរងរាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា នៅយប់ថ្ងៃដដែលនេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ករណីដ៏ចម្រូងចម្រាស់នេះ ត្រូវបានដោះស្រាយបញ្ចប់រួចហើយ បន្ទាប់ពីលោកបានទាក់ទងដោយផ្ទាល់ជាមួយលោក មាស រិទ្ធី និងអាជ្ញាធរខណ្ឌ ដូច្នេះករណីនេះគឺជារឿងបុគ្គលរបស់អាចារ្យដែលប្រព្រឹត្តដោយខ្លួនឯង មិនពាក់ព័ន្ធជាមួយនឹងវត្ត គណៈកម្មការវត្ត និងព្រះសង្ឃនោះឡើយ។

លោក មាស រិទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយដ៏ល្បាញល្បីមួយរូបនៅកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះថា វត្តសែនសុខទីកន្លែងតម្កល់សពតារាចម្រៀង សាន ស្រីឡៃ មានអាចារ្យម្នាក់បានទាមទារលុយថ្លៃតម្កល់សព, ថ្លៃអាចារ្យ, ថ្លៃរៀបចំពិធី និងក្តារមឈូស រហូតដល់២៦០០ដុល្លារអាមេរិក ហើយបានពោលពាក្យមាក់ងាយដល់ក្រុមហ៊ុនហង្សមាសធ្ងន់ៗ ព្រមទាំងបាននិយាយថា ប្រសិនបើមិនឲ្យលុយទេ សូមយកសពទៅវិញ។

លោក មាស រិទ្ធី បានបញ្ជាក់ទៀតថា អាចារ្យប្រចាំវត្តសែនសុខ​ ដែលទាមទារលុយនោះឈ្មោះ មាស សំណាង ដែលបានទាមទារលុយដូចជា៖ ទី១៖ ប្រគេនចំពោះវត្តសម្រាប់តម្កល់សព ១២៥០ដុល្លារ ទី២៖ អាចារ្យយោគី ៥០០ដុល្លារ ទី៣៖ សម្រាប់វត្តចាត់ចែងពិធី៖ ៧០០ដុល្លារ ទី៤៖ ក្តារមឈូស ១៥០ដុល្លារ (ដូចតារាងទារលុយខាងក្រោម)។ ការទាមទារលុយថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខមិនបានដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្តង ហើយបុគ្គលអាចារ្យរូបនោះបានអះអាងខ្លួនឯងថា ជាអាចារ្យមកពីវាំងទៀតផង។

លោក មាស រិទ្ធី បាននិយាយជាមួយកំហឹងខ្លាំងៗថា អ្វីដែលក្រុមហ៊ុនហង្សមាស មិនអាចទទួលយកបាននោះ គឺពាក្យសម្តីរបស់អាចារ្យ មាស សំណាង និយាយមាក់ងាយធ្ងន់ៗថា «ថៅកែហង្សមាសធំប៉ុណ្ណាប៉ុណ្ណីមកថោកទាប អត់លុយឲ្យវត្ត»។ លោកបានបញ្ជាក់ថា តើវត្តជាទីអារាមសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យធ្វើទាន ឬក៏ជាសណ្ឋាគារសម្រាប់គិតថ្លៃ ?

បន្ទាប់ពីមានជម្លោះរឿងទាមទារលុយនោះ លោក មាស រិទ្វី បានទូរស័ព្ទស្នើសុំការអន្តរាគមន៍ពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌសែនសុខផងដែរ។

សូមជំរាបថា ស្ថានីយទូរទស្សន៍ហង្សមាស ជាអ្នកទទួលចំណាយថវិកាទាំងស្រុងលើការៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២។ ក្រុមការងារមួយក្រុមរបស់ក្រុមហ៊ុន ក៏បាននឹងកំពុងរៀបចំកិច្ចការផ្សេងៗនៅវត្តសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកសាកសពខ្មាន់កាំភ្លើងដែលជាប្តី កំពុងធ្វើបុណ្យតាមប្រពៃណី នៅខេត្តព្រៃវែង៕