(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីរាជការក្នុងក្រសួងដង្ហែអង្គកឋិនទានទៅកាន់វត្តចំនួនពីរនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ អង្គកឋិនទានរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទទួលបានបច្ច័យសរុបប្រមាណ ៣០៣លានរៀល។

អង្គកឋិនទាននេះ ត្រូវបានដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក៏ដូចជាដើម្បីកសាងសមិទ្ធិផលនានានៅវត្តព្រែកជ្រៃនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ និងវត្តវាំងកែវ (ហៅវត្តព្រែកស្បូវ) នៅភូមិព្រែកស្បូវ ឃុំសំពៅពូន និងវត្តផ្សេងទៀត ឋិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។

បច្ច័យដែលទទួលបានបានពីកឋិនទាននេះ ចំនួន ១០០លានរៀលសម្រាប់កសាងសមិទ្ធផលវត្តព្រែកជ្រៃ ១០០លានរៀលសម្រាប់កសាងសមិទ្ធផលនៅវត្តវាំងកែវ និង ១០៣លានរៀលទៀត សម្រាប់វត្តនានានៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា អង្គកឋិនទាននេះកើតពីចេញទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីយកបច្ច័យទៅកសាងសមិទ្ធិផលនានា ក្នុងវត្តដែលបានរៀបរាប់ខាងលើដែលកំពុងមានការខ្វះខាត និងដើម្បីចូលរួម ចំណែកអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ថ្លែងទៅកាន់ពុទ្ធបរិស័ទដែលអញ្ជើញចូលរួមដង្ហែអង្គកឋិនទាននេះ លោកទេសរដ្ឋមន្ត្រី បានគូស បានបញ្ជាក់អំពីគុណតម្លៃនៃស្ថេរភាពនិងសុខសន្តិភាព។ លោកទេសរដ្ឋមន្ត្រីថា ស្ថេរភាព និងសុខសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានឱកាសធ្វើបុណ្យជាមួយគ្នា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន ការទាក់ទាញវិនិយោគិន ការកាត់បន្ថយភាពក្រីក្រ និងការរក្សាបូរណភាពទឹកដី។

លោកទេសរដ្ឋមន្រ្តីបានថ្លែងថា «គុណបំណាច់ដ៏ធំធេង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសធានាបាននូវស្ថិរភាពនយោបាយ ពន្លត់ភ្លើងសង្គ្រាមរ៉ាំរ៉ៃបានទាំងស្រុងនៅកម្ពុជា»

លោក ស៊ុន ចាន់ថុល បានអរគុណដល់មន្ត្រីរាជការក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ដែលបានរួមគ្នាធ្វើអង្គកឋិនទាននេះឡើយ។ លោកថា​ បច្ច័យតាមរយៈអង្គកឋិនទាននេះ គឺជាការចូលរួមកសាងសមិទ្ធផលក្នុងវត្តនានារបស់ស្រុកកោះធំ ក៏ដូចជាដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិផងដែរ។ លោក ស៊ុន ចាន់ថុល បានសូមឲ្យវត្ថុសក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សាប្រជាជនខ្មែរទូទាំងប្រទេសជួបតែ សុខសន្តិភាពជានិច្ចនិរន្ត៕