(កំពង់ស្ពឺ)៖ រថយន្តដឹកថ្មចំនួន ៤គ្រឿងត្រូវបានមន្រ្តីជញ្ជីងចល័តឆ្មក់ស្ទាក់ចាប់នៅលើផ្លូវលេខ៤១ ក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់រកឃើញថា រថយន្តដឹកថ្មទាំង៤គ្រឿងនេះ បានដឹកលើសទម្ងន់។

ប្រតិបត្តិការចុះស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ដែលធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។

រថយន្តទាំង៤គ្រឿងនោះ ផ្ទុកលើសទម្ងន់ចន្លោះ ១៩តោន រហូតដល់ ២៧តោន។ ក្រោយស្ទាក់ចាប់បានម្ចាស់រថយន្តចំនួន ២គ្រឿងក្នុងចំណោម ៤គ្រឿង បានចូលខ្លួនមកដោះស្រាយ និងយកប្រាក់បង់ផាកពិន័យ និងចាក់ថ្មចេញពីរថយន្តតាមច្បាប់រួចរាល់ផងដែរ។

លោកទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ប្រតិបត្តិការទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់នេះ គឺមិនរាថយនោះឡើយ ហើយធ្វើជាប់ជាប្រចាំថែមទៀតផង។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ប្រតិបត្តិការទប់ស្កាត់រថយន្តដឹកលើសទម្ងន់នេះ ធ្វើគ្រប់រថយន្ត និងស្មើភាព ដោយមិនមានការអន្តរាគមន៍នោះឡើយ បើទោះបីម្ចាស់រថយន្តដឹកជញ្ជូនទាំងនោះ ជាអ្នកមានអំណាច មានឥទ្ធិពល ឬក៏មានលុយក៏ដោយនោះ។

លោកទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ម្ចាស់រថយន្តដឹកជញ្ជូនឲ្យគោរពច្បាប់ដឹកជញ្ជូន និងកម្រិតទម្ងន់ ដែលកំណត់ដោយច្បាប់ចៀសវាងការធ្វើឲ្យខូចខាតផ្លូវ ដែលរាជរដ្ឋាភិបាលខិតខំសាងសង់ឡើង។ លោកទេសរដ្ឋមន្រ្តីថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមិនចង់បានលុយផាកពិន័យពីការដឹកលើសទម្ងន់នោះទេ ព្រោះលុយយកពីការផាកពិន័យមិនអាចយកមកទូទាត់ជាមួយទំហំនៃការខូចខាតផ្លូវ ហើយក៏មិនអាចយកជួសជុលផ្លូវឡើងវិញបាននោះឡើយ។

លោក សេង ឈួន បានថ្លែងថា គោរពតាមស្មារតី និងការចង្អុលបង្ហាញរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោកនឹងបន្តដឹកនាំក្រុមការងារ ក៏ដូចជាណែនាំដល់មន្រ្តីជញ្ជីងទាំងអស់ ធ្វើការដោយម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់៕