​(ភ្នំពេញ)៖ ខណៈករណីបាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodai រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ កំពុងតែត្រូវបានមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍ខ្លាំង ជាពិសេសបណ្ដាអ្នកសិល្បះរួមអាជីព ប៉ុន្តែទន្ទឹមនឹងនេះគេហាក់មិនទាន់បានដឹងពីប្រវត្តិពិតរបស់ខ្មាន់កាំភ្លើង​ដៃឆៅថា តើត្រូវជាអ្វីនឹងរូបនាងពិតប្រាកដ ដោយគេដឹងត្រឹមតែព័ត៌មានក្រៅផ្លូវការជំហ៊ានដំបូងថា ឃាតកគឺជាប្ដីរបស់នាងប៉ុណ្ណោះ។

តាមការស្រាវជ្រាវពីព័ត៌មានមួយចំនួន ដែលស្និទនឹងឃាតកនៅកន្លែងបុណ្យសព បានបង្ហើបឲ្យបណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៧ ខែតុលានេះថា ខ្មាន់កាំភ្លើង​ដៃឆៅដែលបាញ់សម្លាប់តារាចម្រៀង​ សាន ស្រី​ឡៃ នោះ​ឈ្មោះ​ពិត​មិនមែន ជ័យ រិ​ន នោះទេ គឺ​​ឈ្មោះ ខៀវ ម៉ៅ ហើយក៏​មិនមែន​មាន​​អាយុ​៥៣​ឆ្នាំ​ដែរ គឺមាន​អាយុ​៤៧ឆ្នាំប៉ុណ្ណោះ​។ ​

ឃាតកឈ្មោះ ខៀវ ម៉ៅ ហៅជ័យ រិន ហៅ មាន​បងប្អូន​បួន​នាក់​ ដែល​សុទ្ធតែ​ធ្វើ​គយ​ដូចគ្នា​ ដោយរូបគេកើត​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៦៤ ស្រុកកំណើត​ និងទីលំនៅ ភូមិ​តានី ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង មានប្រពន្ធ និងមានកូនចំនួន៤នាក់ នៅក្នុងបន្ទុក ប្រុសម្នាក់ ស្រី៣នាក់ មានកំរិតជីវភាពធូរធា។ ​ចំណែកនាង សាន ស្រីឡៃ មិនមែនជាអតីតប្រពន្ធរបស់ឃាតកនោះឡើយ គឺជាប្រពន្ធទី២ (ប្រពន្ធចុង) ដែលជួលផ្ទះនៅភ្នំពេញរស់នៅជាមួយគ្នា រហូតដល់មុនជនដៃដល់បាញ់សំលាប់ និងធ្វើឃាតខ្លួនឯងតាមក្រោយ។

ដោយឡែកពាក់ព័ន្ធនាង សាន ស្រីឡៃ មានកូន២នាក់ គឺកូនជាមួយឃាតកដែលបាញ់សម្លាប់តែម្តង។ អ្នកទាំងពីរស្គាល់គ្នានៅប៉ោយប៉ែត ដោយសារនាងជាអ្នករស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនៅពេលនោះដែរឃាតក បានធ្វើការជាមន្រ្តីគយនៅទីនោះ តែក្រោយមកនាងមករស់នៅភ្នំពេញ ហើយក៏ក្លាយជាអ្នកចំរៀងអាជីពថ្មីៗនេះតែប៉ុណ្ណោះ។

ព័ត៌មានពីអ្នកជិតសិទ្ធិនឹងខ្មាន់កំាភ្លើងបានឲ្យដឹងថា ឈ្មោះ ជ័យ រិ​ន គឺជា​ឈ្មោះ​ទិញ​គេ​ បច្ចុប្បន្ន​មានតួនាទីជា​ជំនួយការ​ ប្រធានសាខា​គយ​ខេត្តកំពង់ចាម ដែល​ទើប​ទៅ​បំពេញការងារ​​​នៅ​ទីនោះ​​បាន​ប្រមាណពីរ​ឆ្នាំ​ចុង​ក្រោយនេះ​។​ នៅមុន​ពេលលោក​មក​បំពេញការងារ​​​​នៅ​កំពង់ចាម លោក​ធ្លាប់ធ្វើ​គយ​នៅ​ខេត្ត​ព្រះសីហនុ និង​នៅប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ដែលកាលលោកទៅ​ឈរជើងនៅប៉ោយប៉ែត​នេះហើយ ដែលនាំឲ្យលោកមានទំនាក់ទំនង​ជាមួយ សាន ស្រី​ឡៃ ខណៈ​លោក​មាន​ប្រពន្ធ​កូនរួចទៅហើយនោះ។

ជាមួយ​ចំណង​ស្នេហ៍​មិនបាន​រៀបការ (បានត្រឹមសែនព្រេង)​ គេថា ​លោក​ និង​នាង ​សាន ស្រី​ឡៃ មានកូនប្រុសចំនួន​ពីរ​នាក់ (អាយុ៦ឆ្នាំម្នាក់ និងអាយុ៨ឆ្នាំម្នាក់)។ ​​យោងតាម​ប្រភព​ពីស្ថាប័ន​​​ដែល លោក ជ័យ រិ​ន ធ្វើការបានឲ្យដឹង​កាល​ពី​ល្ងាច ​ថ្ងៃទី​១៦ ​ខែតុលា​ ឆ្នាំ ២០១៧ថា សព​លោក ជ័យ រិ​ន ត្រូវបានយកទៅតម្កល់​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ នៅ​ភូមិ​តានី ឃុំ​ល្វា ស្រុក​ព្រះស្តេច ​ខេត្តព្រៃវែង​។​ ដោយឡែក​ទាក់ទង​នឹង​អ្នកនាង​ សាន​ ស្រី​ឡៃ វិញ​សព​បាន​ត​ម្ត​ល់​នៅ​វត្ត​សែន​សុខ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ដោយ​ក្រុមហ៊ុនហង្ស​មាស​​ជា​អ្នកចាត់ចែង​។​​

អ្នករួមការងារជាមួយសពលោក ជ័យ រិន ដែលបានទៅចូលរួមបុណ្យសពនៅផ្ទះរបស់សព នាស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែតុលា នេះ បានឲ្យដឹងថា ឈ្មោះ ជ័យ រិន ជាមនុស្ស ស្ងៀមស្ងាត់ មិនសូវមាត់កច្រើននោះឡើយ ហើយគេក៏មិនសូវដឹងពីប្រវត្តិលំអិតចុងក្រោយរបស់លោកនោះដែរ ដោយមិត្តភក្ដិចិត្តដិតបានដឹងថា លោកមានប្រពន្ធដើម និងមានប្រពន្ធចុងគឺ នាងសាន ស្រីឡៃ ប៉ុណ្ណោះ។ អ្នកធ្វើការជាមួយបានអះអាងថា នៅព្រឹកមុនកើតករណីឃាតកម្មនេះ លោក ជ័យ រិន បានជិះម៉ូតូធ្វើដំណើរពីផ្ទះនៅខេត្តព្រៃវែង ទៅប្រជុំនៅអង្គភាពសាខាគយខេត្តកំពង់ចាម តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ទើបចេញ ហើយប្រាប់គេថា ទៅផ្ទះវិញហើយ (ជាទំលាប់ពេលលោកទៅអង្គភាព គឺជិះរថយន្តតែលើកនេះ គេឃើញជិះម៉ូតូ)។

ចំណែកភរិយារបស់លោកបានអះអាងថា ក្រោយប្ដីរបស់គាត់ទៅដល់ផ្ទះគឺមានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។ លុះដល់ម៉ោង២រសៀលប្ដីរបស់គាត់ក៏ទាញម៉ូតូជិះចេញដោយប្រាប់ថា ទៅភ្នំពេញតែប៉ុណ្ណោះ។ លុះដល់ព្រលប់ទើបមានអ្នកស្គាល់ទូរស័ព្ឌប្រាប់ថា ប្ដីរបស់ខ្លួនបាញ់សំលាប់ខ្លួនឯងតែម្ដងទៅ។ ចំណែកមិត្តភក្ដិចិត្តដិតម្នាក់ទៀតបានបង្ហើរឲ្យដឹងថា ចាប់តាំងពីលោក ជ័យ រិន នាំនាង សាន ស្រីឡៃ មកប្រឡងចំរៀងរហូតដល់ល្បីឈ្មោះមក ជម្លោះក៏ឧស្សាហ៏កើតមានឡើងដោយសារការប្រច័ណ្ឌ ព្រោះមុនដំបូង លោក ជ័យ រិន គ្រាន់តែចង់ឲ្យនាងមកប្រឡងដើម្បីវាស់ស្ទង់ សមត្ថភាពប៉ុណ្ណោះ មិនចង់ឲ្យនាងក្លាយជាតារាអីនឹងគេទេ តែពេលប្រឡងមានឈ្មោះល្បី បែរជានាងមិនព្រមឈប់ ហើយចង់ក្រោយក៏កើតមានជម្លោះស្ទើររាល់ថ្ងៃដោយសារសង្ស័យមានអ្នកទី៣ ចូលមកជ្រៀតជ្រែករហូតដល់នាង សាន ស្រីឡៃ មានជម្លោះកាន់តែខ្លាំងឡើងជាមួយ ជ័យ រិន រហូតដល់កើតសោកនាដកម្មបែបនេះតែម្ដងទៅ។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ និង​ជា​អតីត​បេក្ខភាព​កម្មវិធី​​ «The Voice Cambodia​»​ រដូវ​កាល​ទី​២ ឈ្មោះ សាន ស្រី​ឡៃ ត្រូវបាន​ប្តីបាញ់សម្លាប់​គួរ​ឲ្យ​រន្ធត់​នៅក្នុង​គ្លីនិក វ៉ា​យ​តា​ឡុង​ហ្គា តាមផ្លូវ​៣៦០ កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានីភ្នំពេញ ​កាលពី​ម៉ោងជាង​បួន​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​។ ចំណែក​ខ្មាន់កាំភ្លើង​ បាន​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយផងដែរ។ ​តាមរយៈ​កា​ម៉ា​រ៉ា​វីដេអូ​សុវត្ថិភាព​​​នៅក្នុង​គ្លីនិក វ៉ា​យ​តា​ឡុង​ហ្គា បាន​បង្ហាញថា អ្នកនាងសាន ស្រី​ឡៃ ត្រូវបាន​​បាញ់​ចំនួន​​បី​គ្រាប់ ​ទៅលើ​ដងខ្លួនបណ្តាល​ឲ្យ​ដួល​ដេក​បាត់បង់​ជីវិត​ នៅក្នុង​ថ្លុកឈាម​។​ បន្ទាប់ពី​បាញ់សម្លាប់ជនរងគ្រោះ​រួចហើយ ខ្មាន់កាំភ្លើង​បាន​បាញ់​ចំសៀត​ផ្កា​​ខ្លួនឯង​ស្លាប់ភ្លាមៗ​ នៅក្បែរ​ក្បែរគ្នាតែម្ដង។​

សេចក្តីរាយការណ៍​ ពី​កន្លែងកើតហេតុ​ការណ៍​​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នារី​រងគ្រោះ ​បានចូលទៅ​ក្នុង​គ្លីនិក វ៉ា​យតា​ឡុង​ហ្គា ដើម្បី​កែ​សម្ផស្ស​។ ស្រាប់តែ​នៅ​ម៉ោង​​កើតហេតុ ក៏មាន​បុរសម្នាក់​ដើរចូល​មក ហើយដើរ​សំដៅទៅរ​កនាង រួច​ដក​កាំភ្លើង​ម៉ាក​រ៉ូឡូ បាញ់​ទៅលើ​នាងបណ្ដាល​ឲ្យ​នាង​ដួលស្លាប់​ភ្លាមៗ ក្រោយមក​ជនដៃដល់​ក៏​បាញ់​ក្បាលខ្លួនឯង​តាម​ក្រោយ​។

ដោយឡែកពាក់ព័ន្ធរឿងរ៉ាវនិងលំអិតយ៉ាងណាទៀតនោះ Fresh News នឹងធ្វើការស្រាវជ្រាវ យកមកចុះផ្សាយជាបន្តបន្ទាប់ទៀត នៅពេលខាងមុខឆាប់ៗខាងមុខនេះ៕