(បាត់ដំបង)៖ ដើម្បីលើកកម្ពស់ ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានបន្ដចុះចាប់ទំនិញខូចគុណភាពហួសកាលបរិច្ឆេទចម្រុះ៥០គីឡូក្រាម យកមកដុតកម្ទេចចោល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ នៅផ្សារព្រែកតាច្រែង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចចម្រុះមានមន្រ្តីនគរបាល មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបការនាំទំនិញខូចគុណភាព បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់ នៅផ្សារ ព្រែកតាច្រែង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាលទ្ធផល គឺបានរកឃើញទំនិញខូចគុណភាពចម្រុះប្រមាណជិត៥០គីឡូក្រាម យកមករក្សាទុកនៅសាខាដើម្បីដុតកំទេចចោលនៅពេលក្រោយ។

លោកប្រធានសូមណែនាំដល់អាជីវករជាអ្នកនាំចូលនិងដាក់លក់ទំនិញខូចគុណភាពមេត្តាបញ្ឈប់នាំចូលទៀតទោះជាក្នុងរូបភាពណាក៏ដោយ គឺធ្វើដើម្បីសុវត្តិភាព និងជួយទប់ស្កាត់ការនាំចូលនូវទំនិញខូចគុណភាពដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ដូច្នេះយើងប្តេជ្ញាទាំងអស់គ្នាថា ចូលរួមទប់ស្កាត់ការនាំចូលទំនិញខូចគុណភាពមិនឲ្យមានលក់នៅលើទីផ្សារបន្តទៀត។

លោក ហាក់ សុខរិន បានបញ្ជាក់ថា កន្លងមកលោកតែងបានចាត់ឲ្យមន្រ្តីជំនាញ ដែលឈរជើងប្រចាំការតាមគោលដៅរៀងៗខ្លួនក្នុងដែនដី ខេត្តបាត់ដំបង តែងបានតាមឃ្លាំមើលជាប្រចាំដើម្បីទប់ស្កាត់នូវការនាំចូលទំនិញ ពាក់ព័ន្ធទៅនឹងចំណីអាហារខូចគុណភាពមិនឲ្យហូរចូលលក់ក្នុង ទីផ្សារនានាបានឡើយព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់អាជីវករលក់តាមផ្សារ និងអ្នកប្រើប្រាស់ជាប្រចាំកន្លងមកផងដែរ៕