(កោះកុង)៖ ប្រហិត និងសាច់មាន់ខូចគុណភាពប្រមាណ១,៦៨៧គីឡូក្រាម ដែលដឹកតាមម៉ូតូកង់បីចំនួន២គ្រឿង យកទៅចែកចាយនៅទីផ្សារ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ធ្វើការឃាត់ទុក និងប្រគល់ទៅឲ្យមន្ត្រីកាំកុងត្រូលយកទៅកម្ទេចចោល។

ការចុះឃាត់ម៉ូតូកងបីចំនួន២គ្រឿង និងរឹបអូស បានប្រហិត និងសាច់មាន់ខូចគុណភាព ខាងលើនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោក មីន រស្មី ស្នងការរងទទួលផែនប្រឆាំង
បទល្មើសសេដ្ឋកិច្ច រួមទាំងមន្រ្តីក្រោមឱវាទ និងរួមសហការជាមួយសាខាកាំកុងត្រូលខេត្ត។

លោក មីន រស្មី ស្នងការរងបានឲ្យដឹងថា ដោយទទួលបានព័ត៌មានថា មានឈ្មួញមានការដឹកសាច់មាន់ប្រហិតខូចគុណភាព នៅតាមម៉ូតូកង់បីចំនួន២គ្រឿង ឆ្ពោះទៅផ្សារដងទង់ លោកក៏បានចុះប្រតិបត្តិការ និងធ្វើការឆែកឆេរ នឹងរកឃើញសាច់មានប្រហិតខូចគុណភាពចំនួន១៦៨៧គីឡូក្រាម។ ក្រោយពីធ្វើការត្រួតពិនិត្យ ធ្វើរបាយការណ៍សមត្ថកិច្ច បានប្រគល់
វត្ថុតាង ប្រគល់ជូនមន្រ្តីសាខាកាំកុងត្រូល យកទៅកម្ទេចចោល។

លោក មីន រស្មី បានបញ្ជាក់ថា ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូកង់បីទាំង២គ្រឿងនេះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានកោះកុង៕