(ភ្នំពេញ)៖ លោក ក្រាស៊ែ ចាន់ណាវង្ស ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមេដឹកនាំដ៏អស្ចារ្យនៅអាស៊ី ដែលបានដឹកនាំប្រទេសកម្ពុជាពីគំនរផេះផង់សល់ពីភ្លើងសង្រ្គាមឲ្យមានការរីកចម្រើន និងមានកេត្យានុភាពលើឆាកអន្តរជាតិក្នុងពេលបច្ចុប្បន្ន។

ការលើកឡើងរបស់លោក ក្រាស៊ែ ចាន់ណាវង្ស បានធ្វើឡើងក្នុងពេលដែលរូបលោកអញ្ជើញចូលជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ។

លោក ក្រាស៊ែ ចាន់ណាវង្ស បានគូសបញ្ជាក់ថា កាលពី ១១ឆ្នាំមុនលោកធ្លាប់បានមកកម្ពុជាម្តងតែអ្វីៗដែលលោកបានឃើញកាលពី១១ឆ្នាំមុន គឺខុសប្លែកគ្នាយ៉ាងច្រើន។ លោកបន្តថា កម្ពុជា នាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍយ៉ាងច្រើន។

លោក ក្រាស៊ែ ចាន់ណាវង្ស​ បានថ្លែងថា «សម្តេចតេជោ ជាមេដឹកនាំដ៏អស្ចារ្យនៅក្នុងអាស៊ី។ សម្តេចតេជោ មិនមែនតែក្នុងប្រទេសកម្ពុជា គឺនៅស្ថាប័នអន្តរជាតិ ជាពិសេសបានឆ្លុះបញ្ចាំង ពីចក្ខុវិស័យដែលជាគតិបណ្ឌិតក្នុងការដឹកនាំប្រទេសជាតិ មានការរីកចម្រើនជាច្រើន»

ក្នុងជំនួបនាព្រឹកមិញនេះ លោក ក្រាស៊ែ ចាន់ណាវង្ស ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើវិស័យអប់រំនៅកម្ពុជាផងដែរ ។ ដោយសារបច្ចុប្បន្នរូបលោក គឺជាប្រធានប្រឹក្សាពិបាល នៃសាកលវិទ្យាល័យចំនួន២នៅប្រទេសថៃនោះ លោក ក្រាស៊ែ ចាន់ណាវង្ស ចង់ចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យអប់រំ និងការបណ្តុះបណ្តាល អប់រំទូទៅ ពីមត្តេយ្យរហូតដល់ឧត្តមសិក្សានេះ។

ពាក់ព័ន្ធការអប់រំនេះ សម្តេចតេជោ បានមានប្រសាសន៍តបថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រង់នៃការអប់រំ ជាពិសេសនៅរយៈពេល៥ឆ្នាំចុងក្រោយនេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាទទួលបានភាពជោគជ័យជាច្រើននៅគ្រប់កម្រិតជាពិសេស ការធ្វើយ៉ាងណាឲ្យមានគុណភាពអប់រំ មិនត្រឹមតែឧត្តមសិក្សានេះ គឺនៅគ្រប់កម្រិតទាំងអស់។

សម្តេចក៏បានស្វាគមន៍ ឲ្យលោក ក្រាស៊ែ ចាន់ណាវង្ស ចាប់ដៃជាមួយសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការទៅលើវិស័យអប់រំ និងការបណ្តុះបណ្តាលលើថ្នាក់ឧត្តមសិក្សានេះ។

សម្តេចតេជោ បានបញ្ជាក់ថា លើលោកនេះគេមិនអាចកាត់បន្ថយគម្លាតនៃទ្រព្យសម្បត្តិរបស់មនុស្សបានទេ ប៉ុន្តែគេអាចកាត់បន្ថយគម្លាតនៃការអប់រំបាន ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្តេចបានព្យាយាមជំរុញការបណ្តុះបណ្តាលធនធានមនុស្ស មិនថាតែនៅឧត្តមសិក្សានោះទេ តែ៏បានយកចិត្តទុកដាក់សិក្សាផ្នែកវិជ្ជាជីវៈផ្សេងៗផងដែរ៕