(ភ្នំពេញ)៖ កម្ពុជា និងសិង្ហបុរី បានសម្រេចពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការនយោបាយ ជាមួយគ្នាឲ្យកាន់តែល្អប្រសើរ បន្ថែមពីលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗនោះ។

ដើម្បីពង្រឹងផ្នែកនយោបាយជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វីវៀន បាឡាគ្រីស្សស្នាន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសប្រទេសទាំងពីរ ស្តីពីការពិគ្រោះយោបល់ផ្នែកនយោបាយ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា តាមអនុស្សារណៈយោគយល់នេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងបង្កើនការជួបពិគ្រោះផ្នែកនយោបាយរវាងក្រសួងការបរទេសទាំងពីរយ៉ាងទៀងទាត់ ដោយផ្តោតសំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរក៏ដូចជាការពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅលើបញ្ហាតំបន់ និងអន្តរជាតិជាដើម ដើម្បីជាប្រយោជន៍រួមប្រទេសទាំងពីរ។

ក្នុងជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក វីវៀន បាឡាគ្រីស្សស្នាន នាព្រឹកមិញនេះ ក៏បានពិភាក្សាទៅលើបញ្ហាមួយចំនួនផងដែរ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានរំលឹកពីទំនាក់ទំនងរវាងប្រទេស ដែលត្រូវបានកសាងឡើងរវាងសម្តេចព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ និងលោក លី ខ្វាន់យូ នាយករដ្ឋមន្រ្តីសិង្ហបុរី។ ទំនាក់ទំនងនេះ បានជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរប្រទេសទាំងពីររហូតដល់ពេលបច្ចុប្បន្ន។

លោក ជុំ សុន្ទរី បានបន្តថា ប្រមុខការទូតកម្ពុជា-សិង្ហបុរី បានពិភាក្សាផ្លាស់ប្តូរយោបល់ និងឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ជាពិសេសលើវិស័យលើពាណិជ្ជកម្ម វិនិយោគ អប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ វិស័យការងារ កិច្ចសហប្រតិបត្តិការតភ្ជាប់ផ្លូវអាកាស និងសុខាភិបាល។

សម្រាប់ផ្នែកពាណិជ្ជកម្មប្រមុខការទូតប្រទេសទាំងពីរ បានសម្តែងការសប្បាយរីករាយ និងពេញចិត្តជាខ្លាំង ចំពោះការកើនឡើង នៃការផ្លាស់ប្តូរទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី។

ក្នុងជំនួបនោះលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានស្នើរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីជួយជំរុញនាំចូលកសិផលកសិកម្មរបស់ប្រទេសកម្ពុជា ទៅកាន់សិង្ហបុរី។ ជាពិសេសអង្ករ ម្រេច និងផ្លែស្វាយ។

ប្រមុខការទូតកម្ពុជា-សិង្ហបុរី បានធ្វើការកត់សម្គាល់ ដោយពេញចិត្តនូវកំណើននៃការផ្លាស់ប្តូរផ្នែកទេសចរណ៍រវាងប្រទេសទាំងពីរ ដែលបានកើនឡើងជារៀងរាល់ឆ្នាំផងដែរ។

សម្រាប់វិស័យវប្បធម៌វិញ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន លើកជាយោបល់ និងស្នើសិង្ហបុរីជួយពង្រឹងទប់ស្កាត់ការជួញដូរនូវសម្បត្តិវប្បធម៌។ បញ្ហានេះរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ថា សិង្ហបុរីត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការងារនេះ។

សម្រាប់វិស័យអាការចរន៍វិញ ប្រមុខការទូតកម្ពុជា បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេសស្នើជួយបណ្តុះបណ្តាលមន្រ្តីកម្ពុជា។ សម្រាប់វិស័យការងារ លោកទេសរដ្ឋមន្រ្តី បានអរគុណសិង្ហបុរី ទទួលពលករកម្ពុជា និងបង្ហាញក្តីសង្ឃឹមបន្តបើកទូលាយទទួលពលករកម្ពុជា។

ពាក់ព័ន្ធពលករនេះ ប្រមុខការទូតសិង្ហបុរី បានសន្យាថា នឹងមើលការខុសត្រូវលើពលករកម្ពុជា ហើយអនុវត្តន៍យ៉ាងត្រឹមត្រូវបំផុតតាមលក្ខខណ្ឌការងារចំពោះពលករកម្ពុជាផងដែរ។

ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក វីវៀន បាឡាគ្រីស្សស្នាន ក៏បានពិភាក្សាពីមិត្តភាព កិច្ចសហប្រតិបត្តិការវិទ្យាស្ថានការទូត ដែលទើបបង្កើតជាមួយបណ្ឌិតសភាការទូតរបស់សិង្ហបុរី។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន លោក វីវៀន បាឡាគ្រីស្សស្នានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា ឆ្នាំ២០១៧ ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វីវៀន បាឡាគ្រីស្សស្នាន នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រខ្មែរ នៅប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង។

លោកបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន នឹងចូលជួបសំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមរំលឹកផងដែរថា ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៦៥ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ដូចដែលបានឃើញតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចកំរិតខ្ពស់ និងកំណើនពាណិជ្ជកម្មទៅវិញទៅមក ប្រចាំឆ្នាំ គួរឲ្យកត់សំគាល់។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វីវៀន បាឡាគ្រីស្សស្នាន មកកាន់កម្ពុជា នឹងបង្កើនការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់៕