(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យរន្ធត់ និងមិនគួរឲ្យជឿ ខណៈនៅរសៀលថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៧ នេះ តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស និង ជាអតីតបេក្ខនារីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី ២ គឺ អ្នកនាង សាន ស្រីឡៃ បានបាត់បង់ជីវិតភ្លាមៗមួយរំពេច នៅកន្លែងកើតហេតុ ដោយសារតែអតីតស្វាមីរបស់នាង បាញ់ជាច្រើនគ្រាប់។ ក្រោយពីដំណឹងដ៏សោកសៅ នៃមរណភាពរបស់ អ្នកនាង សាន ស្រីឡៃ បានសាយភាយឡើងភ្លាម ធ្វើឲ្យសិល្បករ-សិល្បការិនី ជាច្រើន ចូលរូមរំលែកទុក្ខ ព្រមទាំងបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រៃលែង ព្រោះជាហេតុការណ៍មួយស្ទើរមិនគួរឲ្យជឿ សម្រាប់អ្នកសិល្បៈក៏ដូចជាមហាជន ផងដែរ។

សារចូលរួមរំលែកទុក្ខ ត្រូវបានបង្ហោះព្រោងព្រាត ពេញបណ្ដាញហ្វេសប៊ុក ដោយបានបង្ហាញពីអារម្មណ៍សោកសៅ និងរន្ធត់ចិត្ត ដែលសិល្បការិនីគ្រួសារហង្សមាស អ្នកនាង សាន ស្រីឡៃ ត្រូវបានបាត់បង់ជីវិតមួយប៉ប្រិចភ្នែកបែបនេះ។ នៅក្នុងនោះ មានមិត្តអ្នកសិល្បៈជាច្រើន បានបង្ហោះរូបភាព អមដោយសារដ៏សែនអាលោះអាល័យ ដែលធ្លាប់ធ្វើការរួមអាជីពជាមួយគ្នា មានដូចជា អ្នកនាង ពេជ្រ សោភា, អ្នកនាង សុខ ស្រីនាង, អ្នកនាង ចន ច័ន្ទលក្ខិណា, កញ្ញា សូ ដានីតា, កញ្ញា រ៉េត ស៊ូហ្សាណា, លោក កា បញ្ញាសិទ្ធ និង សិល្បករ-សិល្បការិនី ជាច្រើនរូបទៀត រួមទាំងផលិតកម្មរស្មីហង្សមាស ផងដែរ។

គួរបញ្ជាក់ថា អំពើឃាតកម្មបាញ់សម្លាប់ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ ចំនួន៣គ្រាប់បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ខណៈជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ជាប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន៕