(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ អាចចូលរួមជាមួយសនិ្នបាតបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ «បាខែមអាស៊ាន ២០១៧» ទាំងអស់គ្នា ដើម្បីទទួលបានគំនិត និងការស្វែងយល់បន្ថែម ក្នុងការបើកមុខជំនួញ អាជីវកម្ម ការច្នៃប្រឌិត បច្ចេកវិទ្យា សម្រាប់ការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សានិងមុខជំនួញផងដែរ ពីការធ្វើបទបង្ហាញដោយវាគ្មិនជំនាញប្រមាណ ៨០នាក់។

សនិ្នបាតបាខែមអាស៊ាន ២០១៧ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២១-២២ ខែតុលា នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។

សន្និបាតបារខែមអាស៊ាន ២០១៧ មានគោលបំណងផ្ដល់ការចែករំលែកចំណេះដឹង និងកសាងទំនាក់ទំនងរវាងអ្នកចូលរួមទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អំពីការការចាប់ផ្ដើមជំនួញ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការសិក្សា ការងារ និងទំនាក់ទំនង ព្រមទាំងចំណេះដឹងផ្សេងៗ ដូចជា ជ្រើសគំនិតអាជីវកម្ម ការស្វែងយល់ពីការបង្កើតគំរូអាជីវកម្ម ស្វែងយល់អំពីអតិថិជន ការផលិតផលិតផលនិងសេវាកម្ម ផ្សព្វផ្សាយនិម្មិត្តសញ្ញាអាជីវកម្ម ទីផ្សារ ព្រមទាំងភ្ជាប់ទំនាក់ទំនងរវាងសហគ្រាស និងការចាប់ផ្ដើមជំនួញ។ ក្រៅពីនេះ នៅមានការតាំងពិព័រណ៍របស់ Startups បង្ហាញពីផលិតផល ឬសេវាកម្មបច្ចេកវិទ្យាថ្មីៗ ដែលមានការចូលរួមប្រមាណ៥០ស្ដង់។

កម្មវិធីនេះបានប្រមូលផ្ដុំទៅដោយបុគ្គលដែលមានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម អ្នកច្នៃប្រឌិត សាស្ត្រាចារ្យ សិស្ស-និស្សិត នៅក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ានមកធ្វើការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម ការច្នៃប្រឌិតបង្កើតថ្មី សហគ្រិនភាព និងការវិវឌ្ឍនៃការងារ។

បារខែមអាស៊ានសូមថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជន និងកីឡា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន EZECOM និងបណ្ដាស្ថាប័នជាច្រើនទៀត ដែលបានជួយសហការឧបត្ថម្ភ និងគាំទ្រ ជំរុញឲ្យមានព្រឹត្តិការណ៍នេះឡើង។

សម្រាប់អ្នកមានចំណាប់អារម្មណ៍ សូមចុះឈ្មោះចូលរួមតាមរយៈគេហទំព័រ៖ https://barcampasean2017.eventbrite.com

កុំភ្លេចណា ចូលរួមដោយសេរី និងឥតគិតថ្លៃ!