(ភ្នំពេញ)៖ ខណៈស្ថិតនៅខេត្តត្បូងឃ្មុំ លោក​ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងថា​ ក្រុមគណបក្សសង្រ្គោះជាតិ កំពុងតែបង្កើតព័ត៌មានមិនពិតជាច្រើន ដើម្បីវាយប្រហារលើរូបលោក ជាពិសេសបានចោទរូបលោកថា បានរត់គេចទៅក្រៅប្រទេស ខណៈដែលលោក កំពុងមានវត្តមាននៅក្នុងប្រទេសនៅឡើយ។

ការអះអាងរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយបន្តបន្ទាប់គ្នានៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធអនឡាញ មួយចំនួនថា លោកពេជ្រ ស្រស់ បានភ័យខ្លួនរត់ទៅប្រទេសថៃ ក្រោយប្តឹងគណបក្សសង្រ្គោះជាតិ និងមានការផ្សព្វផ្សាយខ្លះទៀតថា លោកពេជ្រ ស្រស់ ជាអ្នកស៊ីឈ្នួលប្តឹងដើម្បីរំលាយ គណបក្សសង្រ្គោះជាតិ។

នៅលើបណ្តាញសង្គម Facebook លោកពេជ្រ ស្រស់ បានបញ្ជាក់ថា «គេថាខ្ញុំរត់ទៅថៃ បើតាមការអះអាងរបស់ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ប៉ុន្តែខ្ញុំមិនបានរត់ទៅណាទេ គឺខ្ញុំកំពុងចុះធ្វើកិច្ចការបញ្ជាក់លិខិតស្នាម ដើម្បីដាក់ពាក្យប្រកួត ប្រជែងការបោះឆ្នោត ព្រឹទ្ធសភាខាងមុខនេះ»។ លោកបានបន្តថា «ក្រុមគណបក្សសង្រ្គោះជាតិតែងតែ បង្កើតនូវព័ត៌មានមិនពិតនឹងហើយ ដែលបណ្តាលឲ្យ គណបក្សសង្រ្គោះជាតិជួបនូវវាសនា ដូចសព្វថ្ងៃនេះ»

សូមបញ្ជាក់ថា លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាថ្មីៗនេះ បានដាក់ពាក្យបណ្តឹងដើម្បីរំលាយគណបក្សសង្រ្គោះជាតិ បន្ទាប់ពី លោក កឹម សុខា ប្រធានគណបក្សប្រឆាំង បានសារភាពអំពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរូបមន្តនៅប្រទេសស៊ែមប៊ី និង យូហ្គោស្លាវី តាមការបង្គាប់របស់អាមេរិក៕