(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឧបត្ថម្ភថវិកា៤លានរៀល ជូនដល់ក្រុមគ្រួសារសពទាំង៤នាក់ ដែលបានស្លាប់យ៉ាងវេទនា និងគួរឲ្យតក់ស្លុតបំផុត នៅក្នុងគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅមួយ នៅម្ដុំផ្សារតូច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ព្រំប្រទល់ជាមួយសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីយប់និងរំលង់អាធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

នាយករដ្ឋបាលសាលាខណ្ឌដូនពេញ លោក ចាប ឌីណា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ក៏បានឧបត្ថម្ភថវិកាជូន គ្រួសារសពម្នាក់ៗ៤០ម៉ឺនរៀល ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត។

លោក ចាប ឌីណា បានបញ្ជាក់ថា ថវិការបស់អភិបាលរាជធានីភ្នំពេញ ព្រមទាំងគ្រឿងបរិភោគទាំងនេះ ត្រូវបានលោកអភិបាលខណ្ឌដូនពេញ និងលោក ហូរ លីម តំណាងអភិបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដោយផ្ទាល់ ក្រុមគ្រួសាររបស់សពនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។

ជាមួយគ្នានេះ លោក សុខ ពេញវុធ បាននិងកំពុងចាត់ចែងជួយសម្រួលដឹកជញ្ជូនសព ទៅកាន់ស្រុកកំណើតរបស់ពួកគេផងដែរ ស្ថិតនៅខេត្តស្វាយរៀងម្នាក់ ក្រុងសួង ខេត្តត្បូងឃ្មុំម្នាក់ និងខេត្តក្រចេះ២នាក់។

សូមបញ្ជាក់ថា គ្រោះអគ្គិភ័យដ៏កំណាចដែលបានឆាបឆេះហាងលក់ និងជួសជុលកុំព្យូទ័រយីហោ «អេស ធី ស៊ី កុំព្យូទ័រ» យ៉ាងសន្ធោសន្ធៅនៅម្ដុំផ្សារតូច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ព្រំប្រទល់សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីយប់ និងឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បានផ្ដាច់ជីវិតមនុស្ស៤នាក់ ដ៏គួរឲ្យរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំង ហើយពួកគេទាំង៤នាក់ មាន៣នាក់ជាថៅកែហាង និងម្នាក់ទៀតជាបុគ្គលិក។

សម្រាប់គ្រោះអគ្គិភ័យបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាពាក់កណ្ដាលអធ្រាត្រខាងលើនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ជាផ្លូវការ ពីមូលហេតុពិតប្រាកដនៅឡើយនោះទេ បើទោះដាក់ការសង្ស័យក៏ដូចជាសាក្សីជាច្រើននាក់ ផ្ដោតទៅលើការឆ្លងចរន្ដអគ្គិសនីក៏ដោយនោះ។

នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា សម្រាប់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យមួយនេះ ដែលបានកើតឡើងតាំងពីវេលាម៉ោងជាង១១យប់ រហូតដល់វេលាម៉ោងជិត២រំលងអាធ្រាត្រ កម្លាំងសមត្ថកិច្ចទាំងអស់បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង និងប្រើប្រាស់អស់២០ជើង។

សូមបញ្ជាក់ថា ក្រោយមានករណីគ្រោះអគ្គិភ័យនេះកើតឡើង កម្លាំងសមត្ថកិច្ចជាច្រើននាក់ និងអាជ្ញាធរមូលដ្ឋានក្រោយការដឹកនាំបញ្ជាផ្ទាល់ ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ, អភិបាលខណ្ឌដូនពេញ, អធិការខណ្ឌ និងនាយការិយាល័យពន្លត់អគ្គិភ័យ បានចេញប្រតិបត្តិការអន្ដរាគមន៍បាញ់ពន្លត់ រហូតត្រូវបានរលត់ទាំងស្រុងដោយប្រើពេលជិត៣ម៉ោង។

នាយនគរបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ បានថ្លែងបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ បានស្លាប់នៅក្នុងអណ្ដាតភ្លើង គឺ៣នាក់ជាម្ចាស់ហាង ដោយឡែកម្នាក់ទៀត គឺជាបុគ្គលិក។ បើតាមនាយនគរបាលប៉ុស្ដិ៍រូបនេះ គ្រោះអគ្គិភ័យខាងលើ បានបំផ្លាញទ្រព្យសម្បតិ្ត និងសម្ភារៈស្ទើរតែ១០០ភាគរយ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានបង្ហាញថា ជនរងគ្រោះទាំង៤នាក់ រួមមាន ទី១៖ ឈ្មោះ អ៊ុក សារៀង អាយុ២៧ឆ្នាំ ស្រុកកំណើតនៅឃុំដារ ខេត្តក្រចេះ, ទី២៖ ឈ្មោះ សន ទិត អាយុ៣០ឆ្នាំ ស្រុកកំណើតក្រុងសួង ខេត្តត្បូងឃ្មុំ, ទី៣៖ ឈ្មោះ គា ចន្ថា អាយុ២៣ឆ្នាំ ស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ និងទី៤​៖ គឺជាក្មេងកំព្រា៕