(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានសម្ដែងនូវការអបអរសាទរ និងគាំទ្រចំពោះរដ្ឋសភា ដែលបានអនុម័តច្បាប់ទាំង៤ ពាក់ព័ន្ធនឹងការរំលាយ គណបក្សនយោបាយ ដែលការអនុម័តនេះ លោកចាត់ទុកថា នឹងនាំឲ្យប្រទេសឈានទៅរកលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ពិតប្រាកដ។

លោកទេសរដ្ឋមន្រ្តី សេរី កុសល បានថ្លែងបញ្ជាក់យ៉ាងដូច្នោះថា «ការអនុម័តច្បាប់ទាំង៤នេះ គឺជាច្បាប់ ដែលឈានទៅរកភាពសុខសន្ដិភាព គង់វង្ស ស្ថេរភាព និងរីកចម្រើន​ និងនាំឲ្យប្រទេសជាតិ ឈានទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងលុបបំបាត់នូវភាពអនាធិបតេយ្យ និងការបំផ្លិចបំផ្លាញប្រទេសជាតិ»

អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ បានបញ្ជាក់ទៀតថា ច្បាប់នេះ គឺជាច្បាប់នាំទៅរកភាពគង់វង្ស ស្ថិតស្ថេរ របបរាជជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ លុបបំបាត់នូវអស្ថេរភាព នាំមកនូវស្ថេរភាព សុខសន្ដិភាព និងការរីកចម្រើន ហើយលុបបំបាត់ស្ទើរទាំងស្រុង នូវភាពអាណាធិបតេយ្យ ដែលរយៈកាលកន្លងមក បានបណ្ដុះខ្មែរ ឲ្យឈានទៅរកភាពអនាធិបតេយ្យ ធ្វើអីតែអំពើចិត្ត។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា «ការអនុម័តច្បាប់នេះ គឺជាជោគជ័យមួយ នៃការប្រជុំរបស់រដ្ឋសភា ដែលច្បាប់ទាំង៤នេះ ធានាការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដើម្បីឲ្យបានគង់វង្សស្ថិតថេរ ហើយក៏ធានាការពារនូវសុខសន្តិភាព លើកកម្ពស់នូវលិទ្ធប្រជាធិបតេយ្យ»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ រដ្ឋសភា បានអនុម័តលើសេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ។ សេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលសភាពេញអង្គបានអនុម័តរួមមាន៖

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

នៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកែប្រែនូវ មាត្រា១៣៨-ស្ទួន ដោយកំណត់យ៉ាងច្បាស់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។

ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល...»