(កំពង់ធំ)៖ លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ដល់ប្រជា សហគមន៍​ជនជាតិដើមភាគតិច ក្នុងការរស់នៅផ្តោតសំខាន់ទៅវិស័យវប្បធម៌ អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល បរិស្ថាន ដីធ្លី កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ និងទេសចរណ៍ជាដើម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិត ជីវភាពរស់ នៅរបស់បងប្អូន ផ្តល់សេវាអប់រំ និងសុខភាពបងប្អូនឲ្យបានប្រសើរឡើងព្រមទំាងជួយការពារ និងថែរក្សាវប្បធម៌របស់ពួកគាត់ផងដែរ។

លោកស្រីរដ្ឋលេខាធិការ ថ្លែងបែបនេះ ក្នុងឱកាសលោកស្រី រួមជាមួយលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ តាមបណ្តាខេត្តមួយចំនួនទៀត ស្តីអំពីសិក្ខាសាលាថ្នាក់តំបន់ ដើម្បីផ្សព្វផ្សាយ គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើម ភាគតិច គោលនយោបាយ ស្តីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើម ភាគតិច និងការចែករំលែកបទពិសោធន៍ នៃដំណើរការអនុវត្ត ដែលសហការៀបចំដោយក្រសួងអភិវឌ្ឍន៍ជនបទ និងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ គ្លរៀស។

លោកស្រី ម៉ាត់ ម៉ារ៉ា មានបន្តថា សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង សៀមរាប ឧត្តមានជ័យ រតនគីរី និងមណ្ឌលគីរី ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព និងយន្តការដល់មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត ពាក់ព័ន្ធទំាងគ្រប់ភាគី ទំាងអស់ក្នុងការ អនុវត្តគោល នយោបាយ អនុក្រឹត្យ សារាចរ យល់ដឹងពីសិទ្ធរបស់ជនជាតិដើមភាគតិច មានប្រមាណជាង១%នៃចំនួន ប្រជាជនសរុបនៃខេត្ត ចំនួន១៥ខេត្ត និងតំបន់ផ្សេងៗទៀតដើម្បីបង្ហាញពីចក្ខុវិស័យ ទិសដៅគោលនយោបាយនិងសកម្មភាពរបស់ រាជរដ្ឋាភិបាលក្នុងដំណើរឆ្ពោះទៅ រកការអភិវឌ្ឍ លើគ្រប់វិស័យក្នុងតំបន់ដែលជនជាតិដើមភាគតិច។

លោក គង់ វិមាន បានថ្លែងថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជា ដែលមានសក្តានុពលផ្នែក កសិឧស្សាហកម្ម ដូចជា ស្រូវ កៅស៊ូ ដំឡូងមី ស្វាយចន្ទី ដែលកំពុងតែមានការដាំយ៉ាងច្រើនក្នុងទឹកដីខេត្តកំពង់ធំ និងកំពុងតែប្រមូលផល ជាបន្តបន្ទាប់ដែលធ្វើ ឲ្យសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំ មានការរីកចម្រើន និងអភិវឌ្ឍន៍បានឆាប់រហ័ស។ ម្យ៉ាវិញទៀតក្រោយពីការដាក់ បញ្ជូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧រួចមក យើងសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងនោះក៏មានបង្កើតជាភូមិគួយ និងសំដែងរបាំរបស់ជនជាតិដើមភាគតិច លក់ផលិតផលក្នុងស្រុក អាហារដ្ឋាន និងសេវាកម្មផ្សេងៗ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ មានការប្រសើរឡើង។

លោក គង់ វិមាន បានបញ្ជាក់ថា ជនជាតិដើមភាគតិចរស់នៅខេត្តកំពង់ធំមាន៥ស្រុក ១២ឃុំ និង៣២ភូមិ ស្មើនិង៣០៨៧គ្រួសារ និងមានមនុស្សសរុបចំនួន១៤៤០៤នាក់ ក្នុងនោះស្រី៧៦០២នាក់ ដែលពួកគាត់ បានថែរក្សានូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសារបស់ខ្លួនផងដែរ៕