(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជាលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងប្រមុខការទូតសិង្ហបុរី លោក វីវៀន បាឡាគ្រីស្សស្នាន នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បានជួបជជែកលើការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា។

ក្រៅពីជំនួបពិភាក្សាការងារហើយនោះ ប្រមុខការទូតប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសប្រទេសទាំងពីរ ស្តីពីការពិគ្រោះយោបល់ផ្នែកនយោបាយ ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន លោក វីវៀន បាឡាគ្រីស្សស្នានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា ឆ្នាំ២០១៧ ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វីវៀន បាឡាគ្រីស្សស្នាន នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រខ្មែរ នៅប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង។

លោកបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន នឹងចូលជួបសំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមរំលឹកផងដែរថា ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៦៥ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ដូចដែលបានឃើញតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចកំរិតខ្ពស់ និងកំណើនពាណិជ្ជកម្មទៅវិញទៅមក ប្រចាំឆ្នាំ គួរឲ្យកត់សំគាល់។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វីវៀន បាឡាគ្រីស្សស្នាន មកកាន់កម្ពុជា នឹងបង្កើនការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់៕