(ភ្នំពេញ)៖ គ្រោះអគ្គិភ័យដ៏កំណាចដែលបានឆាបឆេះហាងលក់ និងជួសជុលកុំព្យូទ័រយីហោ «អេស ធី ស៊ី កុំព្យូទ័រ» យ៉ាងសន្ធោសន្ធៅនៅម្ដុំផ្សារតូច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ព្រំប្រទល់សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីយប់ និងឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បានផ្ដាច់ជីវិតមនុស្ស៤នាក់ ដ៏គួរឲ្យរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំង ហើយពួកគេទាំង៤នាក់ មាន៣នាក់ជាថៅកែហាង និងម្នាក់ទៀតជាបុគ្គលិក។

សម្រាប់គ្រោះអគ្គិភ័យបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាពាក់កណ្ដាលអធ្រាត្រខាងលើនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ជាផ្លូវការ ពីមូលហេតុពិតប្រាកដនៅឡើយនោះទេ បើទោះដាក់ការសង្ស័យក៏ដូចជាសាក្សីជាច្រើននាក់ ផ្ដោតទៅលើការឆ្លងចរន្ដអគ្គិសនីក៏ដោយនោះ។

នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា សម្រាប់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យមួយនេះ ដែលបានកើតឡើងតាំងពីវេលាម៉ោងជាង១១យប់ រហូតដល់វេលាម៉ោងជិត២រំលងអាធ្រាត្រ កម្លាំងសមត្ថកិច្ចទាំងអស់បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង និងប្រើប្រាស់អស់២០ជើង។

សូមបញ្ជាក់ថា ក្រោយមានករណីគ្រោះអគ្គិភ័យនេះកើតឡើង កម្លាំងសមត្ថកិច្ចជាច្រើននាក់ និងអាជ្ញាធរមូលដ្ឋានក្រោយការដឹកនាំបញ្ជាផ្ទាល់ ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ, អភិបាលខណ្ឌដូនពេញ, អធិការខណ្ឌ និងនាយការិយាល័យពន្លត់អគ្គិភ័យ បានចេញប្រតិបត្តិការអន្ដរាគមន៍បាញ់ពន្លត់ រហូតត្រូវបានរលត់ទាំងស្រុងដោយប្រើពេលជិត៣ម៉ោង។

នាយនគរបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ បានថ្លែងបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ បានស្លាប់នៅក្នុងអណ្ដាតភ្លើង គឺ៣នាក់ជាម្ចាស់ហាង ដោយឡែកម្នាក់ទៀត គឺជាបុគ្គលិក។ បើតាមនាយនគរបាលប៉ុស្ដិ៍រូបនេះ គ្រោះអគ្គិភ័យខាងលើ បានបំផ្លាញទ្រព្យសម្បតិ្ត និងសម្ភារៈស្ទើរតែ១០០ភាគរយ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានបង្ហាញថា ជនរងគ្រោះទាំង៤នាក់ រួមមាន ទី១៖ ឈ្មោះ អ៊ុក សារៀង អាយុ២៧ឆ្នាំ ស្រុកកំណើតនៅឃុំដារ ខេត្តក្រចេះ, ទី២៖ ឈ្មោះ សន ទិត អាយុ៣០ឆ្នាំ ស្រុកកំណើតក្រុងសួង ខេត្តត្បូងឃ្មុំ, ទី៣៖ ឈ្មោះ គា ចន្ថា អាយុ២៣ឆ្នាំ ស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ និងទី៤​៖ គឺជាក្មេងកំព្រាអត់មានបងប្អូននោះឡើយ។

បើតាមនាយការិយាល័យពន្លត់អគ្គិភ័យ បានបញ្ជាក់ថា សពជនរងគ្រោះទាំង៤នាក់ បច្ចុប្បន្នត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីឲ្យគណៈកម្មការចម្រុះពិនិត្យកោសល្យវិច្ឆ័យ ហើយប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។

នាយករដ្ឋបាលសាលាខណ្ឌដូនពេញ លោក ចាប ឌីណា បានបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចាត់ចែងឲ្យមន្ដ្រីព្រមទាំងអាជ្ញាធរយកថវិកាទៅប្រគល់ជូនដល់ក្រុមគ្រួសារសព ដោយមួយគ្រួសារទទួលបាន១លានរៀល ដែលបានបាត់បង់ជីវិតក្នុងគំនរភ្លើងដ៏គួរឲ្យរន្ធត់នេះ ហើយថវិកា ព្រមទាំងអំណោយមួយចំនួនទៀត នឹងត្រូវអភិបាលខណ្ឌយកទៅប្រគល់ជូនផ្ទាល់តែម្តង៕