(ម៉ាកាវ)៖ វេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក លើកទី៦ ឆ្នាំ២០១៧ ដែលបានកំណត់យកមូលបទ «កិច្ចសហប្រតិបត្តិការតំបន់ឆ្ពោះទៅកាន់អនាគតដ៏ប្រសើរ» បានបើកវេទិកាពិភាក្សាទុលមុខគ្នាក្រោមប្រធានបទ «ការក្តាប់យកឱកាសសម្រាប់កិច្ចសហការតំបន់ដើម្បីកំណើនរួម» រវាងវាគ្មិនសំខាន់ៗជារដ្ឋមន្ត្រីទេសចរណ៍នៃបណ្តាប្រទេសក្នុងក្របខណ្ឌ «ខ្សែក្រវាត់ និងវិថី» រួមមានរដ្ឋមន្ត្រីទេសចរណ៍មកពីអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗដែលមានឥទ្ធពល លើការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ផ្សារភ្ជាប់ទៅនឹងនយោបាយខ្សែក្រវាត់ និងវីថី ចែករំលែកទស្សនទានគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ដើម្បីរួមគ្នាពង្រឹងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងផ្នែកសាធារណៈ និងផ្នែកឯកជន តាមរយៈការរួមគ្នារៀបចំឯកសារគោលនយោបាយ និងផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលមានការឯកភាពគ្នា ដើម្បីកំណត់គោលដៅឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាពសម្រាប់ការអភិឌ្ឍ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៅឆ្នាំ២០៣០។

ប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដែលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក លើកទី៦ មានរយៈពេល២ថ្ងៃនេះ ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផ្ទាល់។

ក្នុងនាមជាវាគ្មិនកិត្តិយស លោក ថោង ខុន ត្រូវបានផ្តល់ឱកាសដើម្បីចែករំលែកពីអ្វីដែលកម្ពុជាបានធ្វើ នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់អាស៊ាន ក្នុងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន។ លោកបានថ្លែងថា នៅក្នុងបរិបទកម្ពុជា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍តាមច្រកទ្វារអន្តរជាតិ ដែលរួមមានសមាសភាពមកពីវិស័យពាក់ព័ន្ធ និងអនុវត្តយន្តការនេះដោយបានដោះស្រាយបញ្ហាប្រឈម ដូចជាការកាត់បន្ថយរបាំងមិនចាំបាច់ៗនានានៅតាមច្រកទ្វារអន្តរជាតិ ពិសេសកម្ពុជាបានអនុវត្តគោលនយោបាយផ្តល់ទិដ្ឋាការ នាពេលមកដល់ (Visa on arrival)។

បន្ទាប់ពីពីវេទិកាពិភាក្សានេះ លោក ថោង ខុន បានលើកទស្សនទានធំៗពីរ ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងទម្រង់ភាពជាដៃគូរដ្ឋ ឯកជនបែបណាដែលកម្ពុជាបានអនុវត្តន៍ ដើម្បីធានាលទ្ធផលយូរអង្វែងសម្រាប់ការអភិវឌ្ឍទេសចរណ៍។ លោកថ្លែងថា កន្លងមកមានការជជែកគ្នាថារវាងមេមាន់ និងពងមាន់ តើអ្វីកើតមុន? ជាចម្លើយក្នុងវិស័យទេសចរណ៍ គឺចាំបាច់ត្រូវបង្កើតឲ្យបានមេមាន់មុន ពោលគឺទាល់តែមានផលិតផលទេសចរណ៍ ដូចជា ហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ កំពង់ផែ អាកាសយាន្ដដ្ឋាន មណ្ឌលកម្សាន្តទេសចរណ៍ធំៗ សណ្ឋាគារ ផ្សារលក់ទំនិញទំនើបៗ សួនកម្សាន្តធំៗ (Theme Park)។ល។ ទើបអាចទាក់ទាញទេសចរបាន។

លោកបន្តថា ដូច្នេះ ទី១៖ រដ្ឋត្រូវតែមានប្លង់មេ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ថ្មីស្របទៅតាមតម្រូវការទីផ្សារ (បច្ចេកវិទ្យា និងនវានុវត្តន៍) រៀបចំតំបន់អភិវឌ្ឍទេសចរណ៍ (Zoning and Master Plan) ឲ្យបានច្បាស់លាស់។ ទី២៖ បន្ទាប់មករដ្ឋាភិបាលត្រូវឲ្យគោលការណ៍ទៅឲ្យផ្នែកឯកជន ដើម្បីស្វែងរកដៃគូវិនិយោគ រកដៃគូអភិវឌ្ឍន៍ដ៏ពិតប្រាកដមួយ ដើម្បីបង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងគិតគូរហ្មត់ចត់ដល់កិច្ចការពារបរិស្ថាន ដោយត្រូវធានាថាការអភិវឌ្ឍនឹងប្រព្រឹត្តទៅប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសអឺរ៉ុបខាងកើត អឺរុបកណ្តាល ក៏បានស្នើសុំឲ្យកម្ពុជាជួយចែករំលែក ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិនផែងដែរ ខណៈដែលប្រទេសទាំងនេះ បានមើលឃើញនូវកំណើនខ្ពស់ នៃទេសចរចិនមកកម្ពុជាជាង៤០% នៅឆ្នាំ២០១៦។

អង្គវេទិកាសេដ្ឋកិច្ចទេសចរណ៍សកលលើកទី៦នេះ បានបញ្ជាក់នៅក្នុងពិធីបើកវេទិកាដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែតុលា ក្រោមអធិបតីភាពលោក Ho Hau Wah អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន លោក Alexis Tam អគ្គលេខាធិការទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ លោក Taleb Rifai អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក និងអនុប្រធានអាជ្ញាធរទេសចរណ៍ជាតិចិន ដោយបានចាត់ទុកប្រទេសចិន គឺជាទីផ្សារទេសចរណ៍ដ៏ធំមួយ និងគោដៅទេសចរណ៍ទេសចរណ៍ដ៏ទាក់ទាញនៅក្នុងពិភពលោក ប្រកបដោយសក្តានុពល និងធនធានជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងគាំទ្រដល់ប្រទេសក្នុងក្របខណ្ឌខ្សែក្រវាត់ និងវិថី ក្នុងការអភិវឌ្ឍទេសចរណ៍៕