(​ថៃ​)៖ នៅថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៧​នេះ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំមន្រ្តីជំនាញទៅទទួលឧបករណ៍តេស្តរកសារធាតុញៀនចំនួន១៤០០ប្រអប់​ ដែលជាអំណោយប្រទេសអូស្រ្តលីតាមរយៈលោក​ Paul Robilliard ឯកអគ្គទូត​អូស្ត្រាលីប្រចាំប្រទេសថៃ​ ដែល ពិធីប្រគល់ទទួលសម្ភារធ្វើតេស្តគ្រឿងញៀនទទួលបានការអញ្ជើញចូលរួមជាកិត្តិយសពីលោក Sirinya Sithichai អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។

ក្នុងឱកាសនោះ​ ​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានថ្លែងឲ្យដឹងថា​ នេះជាផ្នែកមួយនៃការគាំទ្រនិងរួមចំណែករបស់សហគមន៍អន្តរជាតិក្រោមគម្រោងប្រតិបត្តិការសុវត្ថិភាពទន្លេមេគង្គដែលទទួលបានការឯកភាពពីបណ្តាប្រទេសជាសមាជិកអាស៊ានជាមួយប្រទេសអ្នកផ្តល់ជំនួយក្នុងកិច្ចប្រជុំធ្វើឡើងនៅទីក្រុងឈៀងម៉ៃប្រទេសថៃនាឆ្នាំកន្លងទៅ​ ។

សូមបញ្ជាក់ថា​ សម្ភារតេស្តនោះដែលទទួលបាននៅពេលនេះរួមមានចំនួន៧០០០តេស្ត​ ចែកជា៤ប្រភេទ​ គឺ
១-តេស្តរកសារធាតុញៀនប្រភេទ​ម៉េតំហ្វេតាមី​ ហេរ៉ូ​អ៊ីន​ អិចស្តាស៊ី​
២-តេស្តរកសារធាតុញៀនប្រភេទកូកាអ៊ីន​
៣-តេស្តរកសារធាតុញៀនប្រភេទកញ្ឆា
៤-តេស្តរកសារធាតុញៀន​ ប្រភេទម៉េតំហ្វេតាមីន​ និងMDMA៕