(ភ្នំពេញ)៖ អំពើឃាតកម្ម​បាញ់សម្លាប់ចំនួន៣គ្រាប់ លើតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុង​មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងគឺជាប្ដីរបស់ស្ដ្រីរងគ្រោះតែម្តង បច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ (ដូចវិដេអូពីកាមេរ៉ាសុវត្ថិភាពខាងក្រោម)។

លោក មាស រិទ្ធី អគ្គនាយករង នៃស្ថានីយ៍ទូរទស្សន៍ហង្សមាស បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារសម្លាប់តារាចម្រៀង សាន ស្រីឡៃ គឺជាប្តីរបស់ខ្លួន ដែលករណីឈានដល់ការបាញ់ប្រហារនេះកើតឡើងដោយសារភ្លើងប្រច័ណ្ឌ។

បច្ចុប្បន្នតារាចម្រៀង សាន ស្រីឡៃ មានកូនពីរនាក់ (ប្រុសទាំងពីរ ម្នាក់អាយុ៦ឆ្នាំ ម្នាក់អាយុ៨ឆ្នាំ) ចំណែកម្តាយជាស្រ្តីមេម៉ាយ។ ខ្មាន់កាំភ្លើងជាប្តីរបស់អ្នកនាង សាន ស្រីឡៃ។

លោក មាស រិទ្ធី បានបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ហង្សមាស នឹងចំណាយថវិកាទាំងស្រុងលើការៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២។ នៅពេលនេះក្រុមការងារមួយក្រុមរបស់ក្រុមហ៊ុន បាននឹងកំពុងរៀបចំកិច្ចការផ្សេងៗដូចជា ជួយចាត់ចែងរថយន្តដឹកសព និងចាត់ចែងការងារបុណ្យសពនៅវត្តសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកសាកសពខ្មាន់កាំភ្លើងដែលជាប្តី ត្រូវបាន​បញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ខេត្តព្រៃវែង។

* សពអ្នកនាង សាន ស្រីឡៃ កំពុងរៀបចំធ្វើពិធីបុណ្យសព នៅវត្តសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អត្តសញ្ញាណរបស់ជនដៃដល់ ត្រូវបានរកឃើញនៅលើខ្លួនជនដៃដល់ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានប័ណ្ណសម្គាល់មន្ដ្រីរាជការ និងមានប័ណ្ណបើកបរ ព្រមទាំងលុយនិងសម្ភារៈមួយចំនួនទៀត។ ជាមួយគ្នានេះសមត្ថកិច្ចបានប្រទះឃើញកាំភ្លើងខ្លីម៉ាករ៉ូឡូ ដែលជនដៃដល់ប្រើប្រាស់បាញ់លើស្ដ្រីរងគ្រោះ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ អស់ចំនួន៤គ្រាប់ (បាញ់តារាចម្រៀង សាន ស្រីឡៃ ចំនួន៣គ្រាប់ និងបាញ់ខ្លួនឯងមួយគ្រាប់)។

តាមការបញ្ជាក់ពីសេចក្ដីរាយការណ៍មួយចំនួន ក៏ដូចជាព័ត៌មានដែលធ្លាប់បានផ្សព្វផ្សាយនាពេលកន្លងទៅជនដៃដល់ឈ្មោះ ជ័យ រិន គឺជាប្ដីរបស់ សាន ស្រីឡៃ ហើយពួកគេទាំង២នាក់ ក៏បានថតគៀកកើយផ្អែមល្ហែមជាមួយគ្នា បង្ហោះនៅលើបណ្ដាញសង្គម Facebook ទៀតផង ប៉ុន្ដែក្រោយមកអាចមានបញ្ហាប្រះឆាដោយប្រការណាមួយនោះ ឈានដល់ការបាញ់សម្លាប់នេះ។

នៅកន្លែងកើតហេតុនោះ សមត្ថកិច្ចក៏បានប្រទះឃើញរថយន្ដរបស់ស្ដ្រីរងគ្រោះ ម៉ាក Luxes RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-0836 និងម៉ូតូម៉ាក Honda Dream C125 របស់ជនដៃដល់។ ចំណែកកាមេរ៉ាសុវត្ថិភាព ត្រួវបានគេថតចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ប្រមាណ២ម៉ោងក្រោយការបាញ់ប្រហារ។

មុនការបាញ់ប្រហារ៣០នាទី តារាចម្រៀង សាន ស្រីឡៃ បានថត Live ខ្លួនឯងនៅលើ Facebook ជជែកលេងកំសាន្តជាមួយអ្នកលេងហ្វេសប៊ុក៕