(ប៉ៃលិន)៖ បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញលិខិតណែនាំមួយចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ដោយតម្រូវឱ្យលោក លោកស្រីប្រធានសាខាគយ និងការិយាល័យគយ និងរដ្ឋករពាក់ព័ន្ធ ត្រូវធ្វើការទប់ស្កាត់ការហាមឃាត់ជាបណ្តោះអាសន្ន លើមធ្យោបាយដឹកទំនិញ ក្នុងស្រុកគ្រប់ប្រភេទ ដែលគ្មានផ្ទុកទំនិញ (ទទេ) ឆ្លងកាត់ព្រំដែននៃកម្ពុជា ដើម្បីលើកដាក់ទំនិញ ក្នុងទីតាំងរបស់ប្រទេសជិតខាង ដោយគ្មានការអនុញ្ញាតជាមុន ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក សំ សុវណ្ណារិទ្ធ ប្រធាន សាខាគយ និងរដ្ឋាករខេត្តប៉ៃលិន បានជំរុញដល់ក្រុមអាជីវករ ដែលរកស៊ីនាំចូលទំនិញនានា ពីប្រទេសថៃ មកកម្ពុជា តាមច្រកអន្តរជាតិព្រំ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីសម្រួលដល់ការប្រមូលពន្ធជូនរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបានបន្តថា ដើម្បីងាយស្រួលដល់សមត្ថកិច្ចជំនាញ ក្នុងការប្រមូលពន្ធ និងត្រួតពិនិត្យទំនិញដែលនាំចូល គឺតម្រូវឱ្យរថយន្តថៃ ដែលដឹកទំនិញនាំចូលឆ្លងដែនមកផ្ទេរ និងលើកដាក់ទំនិញនៅផែស្ងួត ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះសមត្ថកិច្ចកម្ពុជា មិនសិទ្ធទៅត្រួតពិនិត្យទំនិញ នៅលើទឹកដីប្រទេសដទៃនោះទេ ហើយចំណែករឺម៉កម៉ូតូ និងរទេះរុញ ដែលប្រជាពលរដ្ឋដឹកបន្លែផ្លែឈើ ត្រីសាច់តិចតួច គឺមន្ត្រីជំនាញគយនៅមាត់ច្រកទ្វារព្រំដែនមិនយកប្រាក់ពីពួកគាត់នោះទេ។

លោកប្រធានសាខាគយ និងរដ្ឋករខេត្តក៏បានបញ្ជាក់ថា ចំពោះក្រុមឈ្មួញដែលរកស៊ីនាំចូលទំនិញនានា ដែលកំពុងគេចវេសមិនព្រមបង់ពន្ធជូនរដ្ឋ លោកនឹងមានវិធានការទប់ស្កាត់ និងបង្រ្កាបឱ្យខាងតែបាន ព្រោះនេះជាតួនាទីរបស់លោក ដើម្បីរកចំណូលពន្ធជូនរដ្ឋ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីសាខាគយ និងរដ្ឋករខេត្ត បានអនុវត្តន៍សេចក្តីសម្រេចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក៍មានក្រុមឈ្មួញ ដែលរកស៊ីមួយចំនួន ដែលដឹកត្រី ដឹកសត្វមាន់ ចេញពីទឹកដីថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រំ មិនពេញចិត្ត ហើយបានធ្វើការតវ៉ាជាមួយមន្រ្តីគយដែលចុះអនុវត្តន៏ការងារនេះ ដោយបានចោទប្រកាន់ថាមន្ត្រីជំនាញកំពុងបង្ករការលំបាក ដល់ជីវភាព និងការរកស៊ីរបស់ពួកគាត់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែដោយមានការសម្របសម្រួលពីអាជ្ញាធរខេត្ត ក៍បានសម្រេចអនុញ្ញាតឱ្យរថយន្តដឹកត្រីចំនួន៤គ្រឿង ចូលទៅសាងត្រី ពីប្រទេសថៃមកកម្ពុជា ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ រួចចូលក្នុងផែស្ងួត ដើម្បីឱ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ និងធ្វើការបង់ពន្ធជូនរដ្ឋ៕