(ភ្នំពេញ)៖ ប្រមុខការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ និងសប្បាយចិត្តយ៉ាងខ្លាំង នៅពេលឃើញកងទ័ពនៅគ្រប់អង្គភាពទាំងអស់ នៅទូទាំងប្រទេសបានងើបឈរ ឡើងស្រុះគ្នា ចេញប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតជាមួយអំពើក្បត់ជាតិរបស់ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

ការថ្លែងបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងកម្មវិធីផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ វិស័យសន្តិសុខការពារជាតិ ដល់នាយទាហានគ្រប់អង្គភាពទាំងអស់ នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា គ្រាន់តែសម្តេចឃើញវីដេអូរបស់ កឹម សុខា ភ្លាមៗគឺសម្តេចខឹងយ៉ាងខ្លាំង តែសប្បាយចិត្តនៅពេលកងទ័ពនៅទូទាំងប្រទេស បានក្រោកឡើងទាំងអស់គ្នា ដើម្បីប្រកាសថ្កោលទោស និងប្រឆាំងជាមួយ កឹម សុខា។

សូមជំរាបថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងផ្លុងតែម្តង។

ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលបង្ហោះនៅលើ Youtube និង Facebook របស់សារព័ត៌មាន CBN ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេស យូហ្គោស្លាវី និងសើប៊ីដែរ៕