(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងប្រាប់ទៅកាន់និស្សិតជាង៣០០នាក់ថា ស្រ្តីកម្ពុជានាសម័យបច្ចុប្បន្ននេះ មានការរីកចម្រើនលូតលាស់ ក៏ដូចជាមានការផ្លាស់ប្តូរចិត្តគំនិតខ្ពស់ជាងមុន ដោយមានស្រ្តីមួយចំនួនបានក្លាយទៅជាម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រិនផ្សេងៗ ទាំងអស់នេះហើយអាចឆ្លុះបង្ហាញថា កម្ពុជាមិនដូចពីជំនាន់មុននោះទេ។

លោកថ្លែងបែបនេះ ក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសកលវិទ្យាល័យអន្តរជាតិ (IU)​​ដោយមានការចូលរួមពី លោក សាបូ អូហ្សាណូ សកលវិទ្យាធិការ រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត ហើយនិស្សិតដែលមកទទួលសញ្ញាបត្រមានជាង៣០០នាក់ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅសកលវិទ្យាល័យអន្តរជាតិ។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា «ខ្ញុំបានទៅចូលរួមក្នុងការប្រគល់ជយលាភីដល់សហគ្រិន ហើយអ្វីដែលខ្ញុំសរសើរនោះ សូម្បីតែនៅទីនេះក៏ខ្ញុំសរសើរដែរ ស្រ្តីកម្ពុជាគឺខុសពីមុនឆ្ងាយ សហគ្រិនទាំងនោះសុទ្ធតែមេក្រុមហ៊ុន និងគាត់ក៏ជាមេផ្ទះទៀតផង ហើយគាត់ក៏ជាប្រធានក្រុមហ៊ុនទៀតផង វាជារឿងមិនធម្មតាទេ ខ្ញុំធ្វើមិនដូចទេ!! ហើយទាំងអស់នេះសុទ្ធតែជាធនធានដែលយើងមាន ជាក្តីសង្ឃឹម ជាអនាគតរបស់កម្ពុជា»

ឱកាសនោះ លោក សាបូ អូហ្សាណូ សកលវិទ្យាធិការ បានឲ្យដឹងថា រៀងរាល់ឆ្នាំសកលវិទ្យាល័យអន្តរជាតិ បានផ្តលអាហារូបករណ៍ ជូនដល់គណៈកម្មការអាហាររូបករណ៍ សិស្សនិស្សិតក្រីក្រ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងស្ថាប័នមួយចំនួន រួមមានទាំងក្រសួងបរិស្ថានផងដែរ។ លើសពីនេះ លោកក៏បានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការយកចិត្តទុកដាក់លើវិស័យអប់រំនៅកម្ពុជា។

សម្រាប់និស្សិតស្រីម្នាក់ឈ្មោះថា គង់​ ស្រីរ័ត្ន សិក្សាផ្នែកឱសថសាស្រ្ត គាំទ្រក្នុងលើកឡើងរបស់លោករដ្ឋបមន្ត្រី សាយ សំអាល់ ដោយនិស្សិតផ្នែកឱសថនោះបានបញ្ជាក់ថា «ស្រ្តីសព្វយើងឥឡូវមានសមត្ថភាពខ្លាំង ហើយចូលរួមក្នុងការសង្គមច្រើន»

និស្សិត គង់ ស្រីរ័ត្ន ក៏បានសូមណូមពរដល់ក្មេងៗជំនាន់ក្រោយគួរ​តែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ហើយក៏ដើម្បីចូលបម្រើក្នុងជាតិយើង៕