(កំពង់ធំ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា រួមទាំងមន្រ្ដីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ បាននាំបច្ច័យចំនួន១៦០លានរៀល ទៅ​វេរប្រគេន​ដល់​ព្រះ​ស​ង្ឃ គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស នៅ​វត្ត​សន្ទុកក្រៅ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក និងវត្តពៅវ៉ើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។

ការនាំបច្ច័យចូលរួមកសាងរបស់លោក ជា ចាន់តូ នេះ ធ្វើឡើងនាឱកាសដែលលោកប្រារព្ធពិធីដង្ហែកឋិនចូលក្នុងវត្ត អស់កាលត្រីមាន និងវត្តពៅវ៉ើយ។ អង្គកឋិននេះបាន​ប្រព្រឹត្ត​ទៅតាម​គន្លងទំនៀមទម្លាប់​ប្រពៃណី ​ព្រះពុទ្ធសាសនាដោយ បាន​ប្រារព្ធពិធី​ដង្ហែកឋិនទាន​ប្រទាក់សិន ជុំវិញ​ព្រះវិហារ និង​ថ្វាយ​គ្រឿង​សក្ការៈបូជាថ្វាយ​ចំពោះ​ព្រះពុទ្ធ​ រូប​ស្នង​អង្គ​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង និង​បាន​ប្រារព្ធ​នូវ បទ​នមស្ការព្រះ​រតនត្រ័យ ថ្វាយបង្គំ​ព្រះ សមាទានសីល ដើម្បី​គោរព​​គុណបុណ្យ ព្រះ​រតនត្រ័យ កែវ​ទាំងបី មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ​។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំលោក ជា ចាន់តូ និង លោកស្រី ខៀវ ស៊ីណា ក្រុមគ្រួសារ និង មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា តែងតែបាន​មូលមតិរៀបចំ ប្រារព្ធធ្វើអង្គកឋិនទានដង្ហែ ទៅកាន់វត្តនានាក្នុងខេត្តកំពង់ធំ ពិសេសនៅស្រុកសន្ទុក និងស្រុកស្ទោង ដើម្បីរួមចំណែកកសាងសមិទ្ធផលនានា ក្នុងអារាមនីមួយៗឲ្យមានការរីកចម្រើន និងសម្រាប់ជាការលើកកម្ពស់ វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត សក្តិសមជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិ រៀងរហូតមកនោះផងដែរ៕