(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្រើនរំលឹក ដល់កងទ័ពនៃកងពលតូចពិសេសឆ័ត្រយោង៩១១ ឲ្យប្រឹងហ្វឹកហាត់ ដើម្បីរក្សាសន្តិសុខរបស់ជាតិ ជាពិសេសត្រូវរួមគ្នាប្រឆាំងរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដណ្តើមអំណាចបំពានច្បាប់។

ការក្រើនរំលឹក និងការទូន្មានរបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យមើលការហ្វឹកហាត់ និងកសាងអង្គភាពនៅកងពលតូចពិសេសឆ័ត្រយោង៩១១។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងជំរុញឲ្យកងទ័ពនៅកងពលតូចពិសេសឆ័ត្រយោង៩១១ ត្រូវប្រឹងប្រែងហ្វឹកហាត់បំប៉នសមត្ថភាពឲ្យបានខ្លាំងក្លា ដើម្បីការពារជាតិមាតុភូមិប្រឆាំងទប់ទល់ពីមហិច្ឆតាអាក្រក់ទាំងឡាយ។ នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់កងទ័ព ឆ័ត្រយោងឲ្យប្រឆាំងដាច់ខាតរាល់មហិច្ឆតាអាក្រក់ទាំងឡាយ ដែលចង់ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា «បងប្អូនកងទ័ពទាំងអស់ត្រូវខិតខំគោរពវិន័យកងទ័ព សាមគ្គីឯកភាពផ្ទៃក្នុង ដើម្បីឈានទៅសម្រេចរាល់ភារកិច្ចកាន់តែប្រសើរថែមទៀត។ ជាពិសេសគឺការការពាររក្សាសន្តិសុខជូនប្រទេសជាតិ ការពាររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយត្រូវប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ទោះជាតាមរូបភាពណាក៏ដោយ»។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានរំលឹកឲ្យកងទ័ពឆ័ត្រយោង៩១១ ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅតាមការិយាល័យដែលខ្លួនបានទៅចុះឈ្មោះជៀសវាងមានការខុសឆ្គងនៅពេលបោះឆ្នោត៕