(ភ្នំពេញ)៖ ខ្មាញ់កាំភ្លើងជាមន្រ្តីនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបាញ់ប្រហារទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភា្លមៗ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅដល់តុលាការហើយ នៅវេលាម៉ោងប្រមាណ២៖៣០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ។ នេះបើតាមលោក សុង​ លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។

សូមជម្រាបថា នៅវេលាម៉ោងជាង៩យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍បាញ់ប្រហារទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជនល្មើស ជាមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឈ្មោះ សាន បូរី។ ជនល្មើសបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៣គ្រាប់ ដោយប្រើប្រាស់កាំភ្លើងម៉ាក រ៉ូឡូ។

ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ​ សែម ចាន់​ថន សន្តិសុខនៅតាមរោងចក្រ និងអតីតសន្តិសុខនៅផ្សារស្ទឹងមានជ័យ។ ការសន្និដ្ឋានជំហានដំបូងដែលនាំឲ្យមានការបាញ់ប្រហារនេះ បណ្ដាលមកពីជម្លោះដោយសារច្រៀងខារ៉ាអូខេ ហើយជនល្មើសខឹងជនរងគ្រោះនិយាយច្រើន ក៏រត់ទៅយកកាំភ្លើងមកបាញ់ជនរងគ្រោះតែម្តង។

សម្រាប់អំពើឃាតកម្មនេះ ត្រូវបានមន្រ្តីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ បានចាត់ទុកថា ជារឿងបុគ្គល និងត្រូវទទួលខុសត្រូវតាមច្បាប់ ហើយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានបញ្ជាឲ្យកម្លាំងជំនាញ ចាត់វិធានការតាមច្បាប់ ដោយមិនលើកលែងនោះឡើយ៕