(ភ្នំពេញ)៖ តំណាងអ្នកបញ្ជាទិញធំៗបានបញ្ជាក់ជំហររបស់ពួកគេថា នឹងបន្តបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា ដើម្បីបំពេញតាមការព្រមព្រៀងជាមួយកម្ពុជា ខណៈកម្ពុជាបានប្ដេជ្ញាធានាការផ្គត់ផ្គង់ជូនអ្នកបញ្ជាទិញ ឲ្យបានទាន់ពេលវេលាវិញផងដែរ។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី អ៉ិត សំហេង ជាមួយលោក ពែតទឺរ ខាលលិសស្តឺរ នាយកប្រតិបត្តិនៃគម្រោងផ្ដួចផ្ដើមសីលធម៌ពាណិជ្ជកម្ម ដែលជាតំណាងឲ្យអ្នកបញ្ជាទិញធំៗពីកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកបញ្ជាទិញនឹងបន្តបញ្ជាទិញទំនិញពីកម្ពុជា ដើម្បីបំពេញទៅតាមការសន្យាក្នុងការយកបទដ្ឋានការងារ និងសីលធម៌ជាគោលក្នុងការបញ្ជាទិញ និងដើម្បីធានានូវមុខរបរ និងការងាររបស់កម្មករនិយោជិតក្នុងវិស័យនេះ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានផលដោយប្រយោលពីវិស័យនេះប្រមាណ ៣លាននាក់ផ្សេងទៀត»

សេចក្ដីប្រកាសដដែលបានបន្តថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងដៃគូនានា ជាពិសេសជាមួយគម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជារបស់អង្គការ ILO (ILO-BFC) គម្រោងផ្ដួចផ្ដើមសកលរបស់ប្រទេសស៊ុយអែត គម្រោងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាសរបស់អង្គការ GIZ ដើម្បីពង្រឹងស្ថិរភាពនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា សំដៅធានាការផ្គត់ផ្គង់ទាន់ពេលវេលា ធានាកេរ្តិ៍ឈ្មោះផលិតផលកាត់ដេរ និងស្បែកជើងនៅកម្ពុជា ជាផលិតផលដែលមានប្រភពស្អាតស្អំ និងគោរពទៅតាមបទដ្ឋានការងារអន្តរជាតិ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងការងារ៖