(ក្រចេះ)៖​ កម្លាំងនគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្រែចារ បានដេញតាមឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាចោរ លួចម៉ូតូបន្ទាប់ពីជនសង្ស័យបានលួចម៉ូតូជិះយកទៅបាត់អស់ជាច្រើនម៉ោង។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នៅចំណុចផ្សារស្នួល ស្ថិតនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួល បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ១.ឈ្មោះ បូ លីន អាយុ៣១ឆ្នាំ
២.ឈ្មោះ រ៉េត ខាត អាយុ២៨ឆ្នាំ អ្នកទាំងពីរនាក់រស់នៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ទ្បេង ទ្បៃស៊ីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដែលម៉ូតូ០១គ្រឿងម៉ាកវេវឆ្លាម ពណ៌ខ្មៅសេរីឆ្នាំ២០១៥។

លោកបានបញ្ជាក់ថា ក្រោយពេលដែលជនរងគ្រោះទុកម៉ូតូចោលចាក់សោក រួចក៏ដើរចូលក្នុងផ្សារ ហើយត្រូវបានជនសង្ស័យទាំង០២នាក់ ខាងលើធ្វើសកម្មភាពលួចយកជិះគេចខ្លួនតែម្តង ។ លោកបានបន្តទៀតថា ក្រោយពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងជំនាញរបស់លោកចុះសហការជាមួយកំម្លាំងប៉ុស្តិ៍នគរបាលស្រែចារ បានចុះប្រតិបត្តិការជាបន្តបន្ទាប់ តាមរកចាប់ឃាត់ខ្លួន តាមមុខសញ្ញាជនសង្ស័យទាំង០២នាក់ ខាងលើ រួមទាំងវត្ថុតាងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ យកមកអធិការដ្ឋាននគរបាលស្រុកស្នួលតែម្តង។

បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្នោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕