(បាត់ដំបង)៖ នគរបាលក្រុមអន្តរាគមន៍ បង្ការ បង្រ្កាប នៃស្នងការនគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបទីតាំងមេកន្ទុយលេខ (មេឆ្នោត) បានចំនួន៤កន្លែង និងឃាត់ខ្លួនបាន៩នាក់ នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ និងរឹបអូសបានវត្ថុតាងមួយចំនួន ស្ថិតសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រឹកនេះបញ្ជូនមកកាន់សាលដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។

លោក ឈឿង គឹមសុង មេក្រុមអន្តរាគមន៍ បង្ការ បង្រ្កាប នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបូង បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបងឲ្យដឹងថា នៅវេលាម៉ោង៣៖២៥នាទី នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ក្រុមអន្តរាគមន៍បង្ការបង្រ្កាប នៃស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងស៊ីសង លក់កន្ទុយលេខបាន ចំនួន៤កន្លែង និងឃាត់ខ្លួនមនុស្សបាន៩នាក់ ក្នុងនោះមាន៖

ទី១៖ ឈ្មោះ បេ គឹមហុង ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទី២៖ ឈ្មោះ រាជ ចិន្តា ភេទ ប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទី៣៖ ឈ្មោះ ជា ណេ ភេទ ស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទី៤៖ ឈ្មោះ វិច នាង ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទី៥៖ ឈ្មោះ គឹម ហ៊ួរ ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទី៦៖ ឈ្មោះ តូ ម៉ា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទី៧៖ ឈ្មោះ មូល សុទីន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទី៨៖ ឈ្មោះ លួម គន្ធា ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, និងទី៩៖ ឈ្មោះ ណូ ណាត ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន៖ លុយខ្មែរ១,៩៩០,០០០៛ (មួយលានកៅសិបប្រាំបួនម៉ឺនរៀល), រថយន្តមួយគ្រឿងម៉ាក KIA Morning ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B 3859, ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2009 ពាក់ស្លាកលេខ បាត់ដំបង 1C 8953, ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2017 ស្លាកលេខ(គ្មាន)។

បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនមេឆ្នោតទាំង៩នាក់ និងវត្ថុតាងទៅតុលាការដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕