(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានបញ្ចេញប្រតិកម្មធ្ងន់ៗ និងព្រមានចាត់វិធានការក្ដៅ ចំពោះអ្នកប្រកបរបរលួចលាក់បើកល្បែង និងអ្នកដែលកំពុងត្រៀម បើកល្បែងស៊ីសងគ្រប់ប្រភេទ ដែលជ្រកក្រោមស្លាកយីហោល្បែងមានច្បាប់ នៅទូទាំងខណ្ឌឫស្សីកែវ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ ក្រោយពីស្រាវជ្រាវរកឃើញថា នៅតែមានលួចលាក់បើក ប្រាកដជាចាត់វិធានការបង្ក្រាប ដោយមិនអាចលើកលែងបានឡើយ ហើយឈានដល់ការឃាត់ខ្លួនម្ចាស់ទីតាំងមកអនុវត្តតាមច្បាប់ រួមនិងរឹបអូសយកទាំងសម្ភារពាក់ព័ន្ធ មិនទទួលខុសត្រូវ ក្នុងពេលឆាប់ៗខាងមុខនេះមិនខានឡើយ។

បន្ថែមពីនេះលោក ប្រាជ្ញ សីហា បានបញ្ជាក់ថា សូមឲ្យប្រជាពលរដ្ឋ នៅទូទាំងខណ្ឌឫស្សីកែវ ចូលរួមសហការទាំងអស់គ្នា ក្នុងការរៀបចំវេចខ្ចប់ទុកដាក់សម្រាម ទៅតាមលំនៅដ្ឋាននីមួយៗ ឲ្យមានរបៀបរៀបរយត្រឹមត្រូវ ដើម្បីឲ្យរថយន្ដរបស់ក្រុមហ៊ុនស៊ីនទ្រីប្រមូលដឹកយកទៅចោល ពីព្រោះបើគ្មានកិច្ចចូលរួមសហការល្អពីប្រជាពលរដ្ឋនោះទេ បើទោះបីជាអាជ្ញាធរពាក់ព័ន្ធ មានវិធានការ ខិតខំប្រឹងប្រែងអនុវត្តយ៉ាងណា ក៏គ្មានប្រសិទ្ធឡើយ «ពោលបរិស្ថានអនាម័យល្អ ខ្យល់អាកាសបរិសុទ្ធ ប្រកបដោយផាសុខភាព និងជួយលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញបាន គឺផ្ដើមចេញពីយើងទាំងអស់គ្នា»

ការព្រមានចាត់វិធានការធ្ងន់ៗបែបនេះ ត្រូវបានលោក ប្រាជ្ញ សីហា បញ្ចេញប្រតិកម្ម និងលើកឡើងនៅពេលដឹកនាំកម្លាំងនគរបាលខណ្ឌ និងនគរបាលប៉ុស្ដិ៍ រួមជាមួយប្រជាការពារខណ្ឌជាច្រើននាក់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីចុះប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងការ ទប់ស្កាត់យកចំណីចិញ្ចើមផ្លូវមកដាក់តាំងលក់ដូរទំនិញផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋ ដែលអាចធ្វើឲ្យបាត់បង់របៀបរៀបរយ ដែលច្បាប់កំពុងហាមឃាត់ ពិសេសអាចជួយលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ ចាប់ពីខាងជើងស្ពានជ្រោយចង្វារ មកខាងជើង ប៉ែកខាងលិច កែងផ្លូវលេខ៦៨ រហូតមកតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមគោលការណែនាំពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី។

ក្នុងសកម្មភាពខាងលើនេះ លោក ប្រាជ្ញ សីហា បានថ្លែងថា បន្ទាប់ពីប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវយ៉ាងសស្រាក់សស្រាំឃើញថាប៉ុន្មានម៉ោងក្រោយ ប្រជាពលរដ្ឋភាគច្រើនមានការសប្បាយរីករាយ និងចូលរួមគាំទ្រសហការជាមួយអាជ្ញាធរ ដោយបញ្ឈប់សកម្មភាពពីការដាក់តាំងសម្ភារ ឫលក់ដូរទំនិញផ្សេងៗ ដែលរំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ៕