(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយនៅកម្ពុជានេះ ធ្វើឡើងដើម្បីថែរក្សាដល់សុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា។

ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង បែបនេះបានធ្វើឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់នៃកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដែលជាកិច្ចប្រជុំបោះឆ្នោតអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈក្រោយរំលាយគណបក្សសង្រ្គោះជាតិ។ ស្របពេលដែល សហគមន៍អន្តរជាតិមួយចំនួន បានសម្តែងការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ច្បាប់នេះ នឹងធានាដល់សន្តិភាពរបស់ប្រទេសកម្ពុជា កុំឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាម វិនាសហិនហោច ដូចកាលពីអតីតកាល។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋសភា បានអនុម័តលើសេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ។ សេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលសភាពេញអង្គបានអនុម័តរួមមាន៖

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

នៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកែប្រែនូវ មាត្រា១៣៨-ស្ទួន ដោយកំណត់យ៉ាងច្បាស់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។

ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល...»៕