(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងបើកបវេសនកាល២០១៧-២០១៨ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគម សហព័ន្ធវិនិយោគ បានណែនាំដល់សិស្ស-និស្សិត ចូលរួមការពារសន្តិភាពជាមួយរាជរដ្ឋាភិបាល ព្រោះសន្តិភាពនេះហើយ ដែលផ្ដល់ឲ្យ យុវជនមានឱកាសសិក្សារៀនសូត្រ និងមានការងារធ្វើដូចសព្វថ្ងៃនេះ។

លោក ឡី សុភាព បានលើកឡើងថា ការខិតខំសិក្សារៀនសូត្រ ចាប់យកជំនាញឲ្យច្បាស់លាស់ ដើម្បីទទួលបានការងារធ្វើសមរម្យ នៅពេលខាងមុខ ជារឿងដ៏សំខាន់សម្រាប់សិស្ស-និស្សិត និងយុវជនកម្ពុជា ប៉ុន្តែអ្វីដែលពិសេសលើសពីនេះទៀត គឺសន្តិភាព សន្តិភាព ជាអ្នកផ្ដល់ឱកាសឲ្យយុវជនទទួលបានការអប់រំបណ្ដុះបណ្ដាល និងជាអ្នកធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ បង្កើតការងារដល់ ប្រជាពលរដ្ឋ ហើយនរណាជាអ្នកនាំយក និងការពារសន្តិភាពនេះ គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលពួកគាត់បានបូជាសាច់ស្រស់ ឈាមស្រស់ ព្រោះតែដើម្បីស្វែងរក និងការពារសន្តិភាពនេះ ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

លោកប្រធានសមាគម បានបំផុសឲ្យសិស្ស-និស្សិត និងយុវជនធ្វើការប្ដេជ្ញាចិត្តខិតខំរៀនសូត្រ ទាំងជំនាញវិជ្ជាជីវៈ ភាសាបរទេស ហើយនៅថ្ងៃសៅរ៍-អាទិត្យត្រូវរៀនជាមួយថ្នាក់ដឹកនាំបន្ថែម ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ពិតប្រាកដ ស្របតាមប្រព័ន្ធអប់រំ ស្ដង់ដារអន្តរជាតិ។ «មនុស្សម្នាក់ ត្រូវមានជំនាញមួយពិតប្រាកដ» ត្រូវបានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា លើកយកជាគោលការណ៍ របស់ខ្លួន។

លោកថ្លែងយ៉ាងដូច្នេះថា «បើមិនមានសន្តិភាពទេ យើងមិនមានការសិក្សារៀនសូត្រ មិនមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទេ។ ក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានថែរក្សាការពារបាននូវសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យអប់រំ បណ្ដុះបណ្ដាលជំនាញដល់សិស្ស-និស្សិត និងយុវជនផងដែរ»។

លោបន្តថា ប្រទេសកម្ពុជា ជាប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា មិនមែនជាប្រទេសរបស់បុគ្គលណាម្នាក់នោះទេ យុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ជាតិទាំងមូល ត្រូវចូលរួមថែរក្សាសន្តិភាពនេះឲ្យខាងតែបាន គ្មានបុគ្គលណាម្នាក់មកបំផ្លាញសន្តិភាព ដែលរកបានដោយលំបាកលំបិននោះទេ ដូច្នេះហើយដើម្បីការពារសន្តិភាពនេះ ទើបមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ដែលបុគ្គលរូបនេះបានរៀបចំផែនការធ្វើបដិវត្តពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសន្តិភាព នាំឲ្យប្រជាពលរដ្ឋ ជួបនូវក្ដីអន្តរាយ។

លោក ឡី សុភាព លើកឡើងទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានការរីកចម្រើនប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធមានច្រើនខ្វាត់ខ្វែង មានសាលារៀនគ្រប់ទិសទី ជាក់ស្ដែងនាពេលថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់ជូន ប្រជាពលរដ្ឋខ្មែរនូវកាដូមួយចំនួន រួមមាន៖ ការចូលទស្សនាកម្សាន្តនៅរមណីដ្ឋាន ឋានសួគ៌បូកគោ ដោយមិនគិតថ្លៃធ្វើដំណើរលើ ផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) ដោយមិនគិតថ្លៃ ព្រះសង្ឃ កម្មករ-កម្មការិនី និស្សិត (មានបណ្ណសម្គាល់ខ្លួន) ជិះរថយន្តក្រុងក្នុង រាជធានីភ្នំពេញដោយមិនគិតថ្លៃ ឆ្លងកាត់ផ្លូវ និងស្ពានព្រែកព្នៅ (ស្ពានលីយ៉ុងផាត់) ដោយមិនគិតថ្លៃ និងការផ្ដល់ជូនជាច្រើនទៀត។

ក្នុងពីធីខាងលើនោះដែរ ក៏មានការធ្វើបទបង្ហាញពីគន្លឹះនៃការសិក្សារៀនសូត្រ និងគន្លឹះនៃការអភិវឌ្ឍខ្លួន ដោយតំណាងគ្រឹះស្ថានសិក្សា មួយចំនួនផងដែរ ក្នុងនោះមាន លោក គង់ សំណាង នាយករងវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា-ឥណ្ឌា និងលោក រស់ ប៉ែត នាយកវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ជាដើម។

ក្រោយស្ដាប់នូវការធ្វើបទបង្ហាញ ពីសំណាក់គណៈអធិបតីរួចមក យុវជន-យុវតីបានប្ដេជ្ញាចិត្តថា នឹងខិតខំរៀនសូត្រ និងគោរពតាមវិន័យ របស់សាលា ពិសេសពួកគេបានតាំងចិត្តយ៉ាងមុតមាំថា ត្រូវតែចូលរួមថែរក្សាការពារសន្តិភាព ដាច់ខាតការមិនចូលរួមក្នុងចលនា ណាមួយ ដែលនាំឲ្យមានភាពវឹកវរក្នុងសង្គមកម្ពុជាឡើយ ព្រោះសន្តិភាពនេះហើយ ដែលនាំពួកគេឲ្យមានឱកាសឈានជើង មកដល់ថ្ងៃនេះ៕