(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភានៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង៧៖៣០នាទីនេះ ចាប់ផ្តើមបន្តពិភាក្សាលើវិសោធនកម្មច្បាប់ស្តីពីបោះឆ្នោតចំនួន៤ ដែលស្នើដោយក្រុមតំណាងរាស្រ្ត ៤៣រូប មកពីគណបក្សកាន់អំណាច។ នេះបើតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ប្រាប់បណ្តាញព័ត៌មាន Fresh News។

ច្បាប់ទាំងបួន ដែលស្នើធ្វើវិសោធនកម្ម ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបន្តពិនិត្យនៅព្រឹកថ្ងៃនេះរួមមាន៖

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកែប្រែនូវ មាត្រា១៣៨-ស្ទួន ដោយកំណត់យ៉ាងច្បាស់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។

ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល...»។

សេចក្តីស្នើវិសោធនកម្មច្បាប់ទាំង៤នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានពិភាក្សា និងពិនិត្យរួចមកម្តងមកហើយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ ហើយបានបញ្ជូនទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ របស់រដ្ឋសភាពិនិត្យបន្ត។

លោក ឡេង ប៉េងឡុង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា គណៈកម្មការជំនាញបានពិនិត្យរួចរាល់ហើយ ទើបបានបញ្ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យ និងពិភាក្សាបន្តនៅថ្ងៃច័ន្ទនេះ។

នៅព្រឹកថ្ងៃច័ន្ទនេះរដ្ឋសភា ក៏នឹងបន្តបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ របស់រដ្ឋសភាផងដែរ។ របៀបវារៈចំនួន២​ នឹងលើកយកមកជជែកពិភាក្សា និងអនុម័តបន្តនៅក្នុងកិច្ចប្រជុំនាព្រឹកនេះ។ របៀវារៈទាំង២នោះរួមមាន៖

១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សេចក្តីព្រៀង ស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។

២៖ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣៕