(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួសធ្ងន់ ព្រោះតែបើកម៉ូតូបុករថយន្តលោក អែត វីន តារាសម្តែងវ័យក្មេងនៅកម្ពុជា ពេលដែលតារាសម្តែងរូបនេះ បើករថយន្តបត់ចូលចាក់សាំង។ ហេតុការណ៍នេះបានកើតឡើងនាម៉ោងជាង ៩យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងទល់មុខនឹងការ៉ាសាំងកាលតិច នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព័ត៌មាននៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿធ្វើដំណើរនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូងស្របជាមួយរថយន្ត ក្នុងស្ថានភាពលឿន ហើយក៏បានជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបរបស់លោក អែត វីន តែម្តង បណ្តាលឲ្យបុរសជិះម៉ូតូរងគ្រោះរងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនលោក អែត វីន និងតារាសម្តែងជានារីរូបស្រស់ម្នាក់ទៀតដែលរួមដំណើរជាមួយគ្នានោះ ទៅប៉ុស្ត៍នគរបាលទឹកល្អក់ទី៣ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ខណៈបុរសអ្នកជិះម៉ូតូត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

អ្វីជាការកត់សម្គាល់ក្រោយពេលជួបហេតុការណ៍តារាប្រុសស្រីទាំងពីរដួង ដែលគេដឹងថា ទើបចេញពីការសម្ពោធរឿងថ្មីរបស់ផលិតកម្ម LD នោះ បានព្យាយាមយកម៉ាស់បិទបាំងមុខរបស់ពួកគាត់ ព្រោះតែខ្លាចកាមេរ៉ារបស់ក្រុមអ្នកព័ត៌មាន ដែលបានចោមរោមផ្តិតយករូបភាព។ ក្នុងពេលជួបគ្រោះថ្នាក់បែបនេះ គេសង្កេតឃើញថា ក្រុមតារាមិនបានស្រឡាញ់កាមេរ៉ាដូចពេលពួកគេសម្ពោធរឿងនោះឡើយ៕