(ប៉េកាំង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៥ឆ្នាំ ដោយមានការចូលរួមពីមន្ត្រីស្ថានឯកអគ្គរាជទូត នាយទាហាន នាយនគរបាល និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅរដ្ឋធានីប៉េកាំងជាច្រើននាក់។

ក្នុងនោះផងដែរ លោក អ៊ុំ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំសមាជិក-សមាជិកា និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅរដ្ឋធានីប៉េកាំង ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ បានលើកឡើងថា ការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតន គឺដើម្បីបង្ហាញអំពីការដឹងនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់ព្រះអង្គ ចំពោះជាតិមាតុភូមិ ក៏ដូចជាការជួយលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា នៅលើឆាកអន្តរជាតិ។

ជាមួយនឹងការគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ យុវជន និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅប្រទេសចិន បានរំឭកថា ព្រះបរមរតនកោដ្ឋ ទ្រង់បានបន្សល់ទុកនូវមរតកជាច្រើន ដែលមានតម្លៃដ៏ឧត្តង្គឧត្តម ជាពិសេសមរតកសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនចិន នោះគឺទំនាក់ទំនងមហាមិត្តភាពរវាងកម្ពុជា-ចិន រាប់តាំងពីពេលដែលព្រះអង្គមានទំនាក់ទំនងមហាមិត្ត ជាមួយប្រធានាធិបតី ម៉ៅ សេទុង លោក តេង សៀភីង និងលោកនាយករដ្ឋមន្ត្រី ចូវ អ៊ុនឡាយ។ ទំនាក់ទំនងមហាមិត្តភាពនេះ បានបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តខិតខំរក្សាទំនាក់ទំនងនេះ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនចិនជារៀងរហូត។

និស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសចិន បានប្តេជ្ញាបន្តការខិតខំរៀនសូត្រ និងបន្តពង្រឹងទំនាក់ទំនងជាមួយយុវជន-និស្សិតចិន និងប្រជាពលរដ្ឋចិន ដែលជាមហាមិត្ត និងបងប្អូនល្អជានិរន្តតទៅ។ ទន្ទឹមគ្នានេះដែរ និស្សិតកម្ពុជានៅតាមបណ្តាខេត្តនានាទូទាំងចិន ក៏បានចូលរួមប្រារព្ធពិធី នៅតាមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តនានានៅចិនផងដែរ។

សូមជម្រាបថា អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុវរ្ម័ន ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានយាងចូលទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕