(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី ប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងលោកស្រី ទាវ ធីតា អនុប្រធានគណៈពង្រឹងគណបក្សប្រជាជន ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ បានចុះជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ជិត១០០នាក់ នៅសង្កាត់ស្ទឹងមានជ័យទី២។

នៅក្នុងពិធីចុះសំណេះសំណាលនោះ ទាំងលោក ពេជ្រ កែវមុនី និងលោកស្រី ទាវ ធីតា បានលើកឡើងថា ក្នុងនាមយើងជាសមាជិកចុះជួយសង្កាត់ស្ទឹងមានជ័យទី២ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបំពេញការងារ ទៅតាមតួនាទីឲ្យបានល្អ ជូនទៅដល់ប្រជាពលរដ្ឋ។

ក្រៅពីនោះ ថ្នាក់ដឹកនាំទាំង២រូប ក៏បានស្នើឲ្យក្រុមការងារ ចេះជួយទុក្ខធុរៈដល់បងប្អូនប្រជាពលរដ្ឋ ពីព្រោះថា សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា សុខទុក្ខបងប្អូនដែលរស់នៅក្នុងក្រុមគ្រួសារយើងដូចគ្នា។

គួរបញ្ជាក់ថា លោក ពេជ្រ កែវមុនី និងលោកស្រី ទាវ ធីតា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានតែងតាំង ជាប្រធាន និងអនុប្រធានគណៈពង្រឹងគណបក្សប្រជាជន ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ ដែលមានសមាជិក សមាជិការបក្សជាច្រើនរូបទៀត។

បើយោងតាមសេចក្តីសម្រេចនៃការតែងតាំងបានបញ្ជាក់ឲ្យដឹងថា គណៈពង្រឹងខាងលើ មានភារកិច្ចជួយដល់គណបក្ស ខណ្ឌ ក្នុងការពង្រឹងការងារគណបក្ស នៅថ្នាក់ខណ្ឌ, សង្កាត់, ភូមិ, ក្រុម, បក្ស និងគ្រួសារបក្សទាំងការងារនយោបាយ សតិ អារម្មណ៍ និងចាត់តាំងជាដើម៕