(កណ្ដាល)៖ ក្នុងពិធីប្រកាសសមាសភាព និងបញ្ចូលសមាជិកថ្មីជាង៣៥០នាក់ របស់ក្រុមយុវជនគណៈពង្រឹងស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង លោក ណុប រ័ត្ននិមល លោក ណុប រតនៈ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង បានអំពាវនាវឲ្យយុវជនកម្ពុជាចេះសាមគ្គីគ្នា ថែរក្សាសមិទ្ធផលដែលមានស្រាប់ និងជួយការងារសង្គមបម្រើប្រជាពលរដ្ឋ។

ពិធីខាងលើ មានការចូលរួមពីលោក បូរ ណារ៉េត ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអភិបាលស្រុកកណ្តាលស្ទឹង ព្រមទាំងថ្នាក់ដឹកនាំយុវជន និងក្រុមការងារ។

គណៈពង្រឹងស្រុកកណ្តាលស្ទឹង បានផ្ដាំផ្ញើដល់យុវជនគណៈពង្រឹងស្រុកកណ្តាលស្ទឹង ក៏ដូចយុវជនទាំងអស់ គឺជាសរសរទ្រូងដ៏រឹងមាំ ក្នុងការចូលរួមចំណែកពង្រឹង ថែរក្សា ការពារ សុខសន្តិភាព និងសមិទ្ធផលនានា ដែលគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជនទូទាំងប្រទេសកម្ពុជា។

គណៈពង្រឹងស្រុកកណ្តាលស្ទឹង បានផ្តាំផ្ញើដល់យុវជនទូទាំងស្រុកឲ្យចូលរួមទាំងអស់គ្នា សាមគ្គីគ្នា ធ្វើយ៉ាងណាធានាការបម្រើប្រជាពលរដ្ឋ និងថែរក្សារាល់សមិទ្ធផលនានាដែលកើតមានទូទាំងស្រុក ដើម្បីទុកជាផលប្រយោជន៍រួម ព្រមទាំងបានណែនាំដល់ថ្នាក់ដឹកនាំយុវជនគណៈពង្រឹងយុវជនតាមឃុំនីមួយៗ ឲ្យបន្តយកចិត្តទុកដាក់ដល់សមាជិកខ្លួន ផ្សព្វផ្សាយដល់យុវជនតាមភូមិ-ឃុំនីមួយៗ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ត្រូវមានឆន្ទៈអង់អាចក្លាហាន ថែទាំសុខភាព លេងកីឡាដើម្បីសុខភាព និងគោរពឲ្យបានយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងអនុសាសាន៍របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក ណុប រ័ត្ននិមល និងលោក ណុប រតនៈ ព្រមទាំងក្រុមការងារ សមាជិក-សមាជិកយុវជនទាំងអស់​ បានគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុវរ្ម័ន «ព្រះបរមរតនកោដ្ឋ» ព្រះបវររាជបិតាជាតិខ្មែរ ក្នុងគម្រប់ខួប៥ព្រះវស្សា នៃការសោយទិវង្គតរបស់ព្រះអង្គផងដែរ៕