(ឈុនប៊ូរី)៖ ពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសថៃ មានការសាទរយ៉ាងខ្លាំងចំពោះក្រុមការងារកម្ពុជា-ថៃ ដែលបានចុះធ្វើលិខិតផ្ដល់ភាពស្របច្បាប់ជូនពួកគេ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្របសម្រួលជាមួយថៃ ក្នុងការពន្យារពេលអនុវត្តច្បាប់ការងារថ្មីរបស់ថៃ ដែលគេដឹងថាមានការរឹតបន្ដឹងខ្លាំង។ នេះបើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ការសាទរនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញចូលជួបសំណេះសំណាលជាមួយពលករខ្មែរ ដែលកំពុងបម្រើការងារក្នុងរោងចក្រផលិតសាច់មាន់ GFPT ស្ថិតក្នុងខេត្តឈុនប៊ូរី ប្រទេសថៃ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរ។ ជាក់ស្ដែង កាលពីខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលថៃ បានបញ្ជូនពលករខ្មែរមកកម្ពុជាវិញយ៉ាងគំហុក រហូតដល់២៧ម៉ឺននាក់ ត្រឹមតែរយៈពេលអាទិត្យប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានទទួលស្វាគមន៍ ក៏ដូចជាជួយដឹកជញ្ជូន និងជួយរកការងារធ្វើនៅក្នុងប្រទេស ក្នុងនោះក៏មានការផ្ដល់លិខិតឆ្លងដែនដោយមិនគិតថ្លៃ រៀបចំគណៈកម្មការផ្ដល់ភាពស្របច្បាប់ទៅប្រទេសថៃ ដើម្បីដោះស្រាយជូនបងប្អូនពលករខ្មែរ។

លោករដ្ឋមន្ត្រីបានបន្តថា កាលពីខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរថៃបានកែទម្រង់ច្បាប់រិតបន្តឹងចំពោះនិយោជកថៃ និងកម្មករបរទេសខុសច្បាប់ក្នុងប្រទេសរបស់ខ្លួន។ ឆ្លើយតបនឹងបញ្ជាចំពោះមុខនោះ ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ ហ៊ុន សែន លោករដ្ឋមន្ត្រី អ៉ិត សំហេង បានដឹកនាំប្រតិភូកម្ពុជាចូលជួបជាមួយសមភាគីថៃ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ហើយជាលទ្ធផលបានព្រមព្រៀងលើដំណោះស្រាយបញ្ហាមួយចំនួន ក្នុងនោះមានការធានាសុវត្ថិភាពជូនបងប្អូនពលករ និងការពន្យាការអនុវត្ត៦ខែ ក្នុងការអនុវត្តច្បាប់ថ្មីនោះ (សុពលភាពដល់ខែមករា ឆ្នាំ២០១៨)។

មិនតែប៉ុណ្ណោះ ភាគីថៃបានបង្កើតមណ្ឌលចំនួន១០ នៅរាជធានីបាងកក និងនៅគ្រប់ខេត្ត ដើម្បីចុះបញ្ជីពលករខ្មែរយើង ចាប់ពីថ្ងៃ២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា មាន២៤ម៉ឺននាក់ ដែលខុសច្បាប់។ ចំណែកភាគីកម្ពុជាវិញ បានបើកយុទ្ធនាការ១០០ថ្ងៃ ដើម្បីចុះផ្ដល់លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើនៅបរទេស (OCWC) ក្នុងនោះផ្ដល់ជូនពលករបានចំនួន ១៦ម៉ឺននាក់។ ធ្វើលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើនៅបរទេស (OCWC) ថ្មី ដោយចំណាយពេលត្រឹមតែ១ថ្ងៃ និងថវិកា ២,៣៥០បាតប៉ុណ្ណោះ នឹងទទួលបានប័ណ្ណទាំងនោះភ្លាម ដោយបានបញ្ជូនបុគ្គលិក ៣៦០នាក់ មកបំពេញបេសកកម្មនេះផងដែរ។

សូមជម្របថា ពលករខ្មែរនៅប្រទេសថៃ មានជាង១លាន៥ម៉ឺននាក់ នៅប្រទេសជប៉ុន មានជិត៥,០០០នាក់ នៅកូរ៉េខាងត្បូង មានជាង៥ម៉ឺននាក់ ក្នុងនោះបងប្អូនខ្មែរមានគ្រួសារកូរ៉េ ១៥,០០០នាក់។ ចំណូលមធ្យមជិត២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ពលករនៅថៃ មាន១លាន៥ម៉ឺននាក់ ប្រាក់ឈ្នួលជាង៣០០បាត ក្នុងមួយថ្ងៃ។

លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ពលករខ្មែរឲ្យចេះបង្កើនទំនាក់ទំនងមិត្តភាព តាមរយៈការទទួលបានមិត្តភ័ក្ដិ គ្រួសារ និងសង្គម មានប្រយោជន៍សម្រាប់សហប្រតិបត្តិការមិត្តភាពប្រជាជន និងប្រជាជន។ ពេលត្រឡប់មកកម្ពុជាវិញ បងប្អូនពលករ គឺជាធនធានមនុស្សដែលមានជំនាញខ្ពស់ ដើម្បីកសាងប្រទេស តាមរយៈការងារនៅក្នុងស្រុក៕